សម្តេច ហ៊ុន សែន រៀបរាប់ពីទុក្ខវេទនា កាលពីសម័យប្រល័យពូជសាសន៍ប៉ុលពត
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (១៧ មិថុនា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន សរសេរបង្ហោះក្នុង Facebook របស់សម្តេចទុក្ខស្រីប្តីព្រាត់៖ នេះជាចម្រៀងមួយបទ ដែលខ្ញុំនិពន្ធឡើងដើម្បីរំលឹក ដល់ការព្រាត់គ្នារវាងខ្ញុំ និងភរិយាខ្ញុំក្នុងរបប ប៉ុលពត។ ខ្ញុំ និងភរិយាខ្ញុំ គ្រាន់តែជាផ្នែកតូចមួយ នៃការនិរាស្រ្តព្រាត់ប្រាស់ របស់ប្រជាជនកម្ពុជារាប់
លាននាក់ក្នុងរបប ប៉ុល ពត ហើយគ្រួសារមួយចំនួន មានលក្ខណៈធ្ងន់ធ្ងរជាងគ្រួសារខ្ញុំទៅទៀត។
ខ្ញុំបានសរសេរផ្សព្ធផ្សាយ រួចមកហើយនូវប្រវត្តិខ្លះៗនៃដំណើរជីវិតរបស់ខ្ញុំ និងភរិយាខ្ញុំ។ ពេលនេះខ្ញុំនឹងរៀបរាប់អំពីការបែកគ្នា ដែលជារឿងឈឺចាប់មួយទៀត បន្ទាប់ពីកូនប្រុសកំសត់ស្លាប់ យ៉ាងវេទនានៅថ្ងៃ១០ វិច្ឆិកា ១៩៧៦។
ថ្ងៃ ២០ មិថុនា ២០១៦ ជាខួបលើកទី ៣៩ នៃថ្ងៃដែលខ្ញុំសំរេចចិត្តធ្វើការតស៊ូ ជាចំហរប្រឆាំងរបប ប៉ុលពត បន្ទាប់ពីការតស៊ូសម្ងាត់មួយរយៈកន្លងមក (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៦)។ តាំងពីពេលរៀបការមក ខ្ញុំនិងភរិយាតែងរស់បែកគ្នា ដែលពួកអង្គការប៉ុល ពត បង្ខំឱ្យគ្រប់គ្រួសារខ្មែររស់នៅបែបនេះ។ ក្រោយកូនទីមួយស្លាប់ ខ្ញុំមានឱកាសបានមើលថែទាំភរិយាខ្ញុំដោយផ្ទាល់ អាស្រ័យដោយភរិយាខ្ញុំមានជម្ងឺ ដែលគេអនុគ្រោះឱ្យភរិយាខ្ញុំ បានមករស់នៅក្នុងទីបញ្ជាការអង្គភាពកងទ័ពនៅភូមិកោះថ្ម ឃុំទន្លូង ស្រុក មេមត់។
ទោះបីស៊ីអត់ ស៊ីឃ្លាន តែជាពេលវេលាមួយផ្តល់ឱកាសឱ្យ ខ្ញុំបំពេញភារកិច្ចជាប្តីថែរក្សាប្រពន្ធពេលមានជម្ងឺ។ យើងមានពេលបានសើច លាយឡំជាមួយទឹកភ្នែក។ ខ្ញុំខិតខំរកវិធីដើម្បីកុំឱ្យភរិយាខ្ញុំ ស្រក់ទឹកភ្នែក ដោយព្យាយាមកុំឱ្យនឹកដល់កូនដែលស្លាប់ទៅ។ ប្រមាណ៣ខែ ក្រោយភរិយាខ្ញុំមានផ្ទៃពោះកូនទី២ គឺ ហ៊ុន ម៉ាណែតនេះឯង។
ប្តីប្រពន្ធមានកូនតែងត្រេកអរ តែសំរាប់ខ្ញុំបែជាព្រួយទៅវិញ។ ហេតុអ្វីត្រូវព្រួយ? ខ្ញុំជាមេដឹកនាំតស៊ូសម្ងាត់ដែលត្រៀមជានិច្ច ដើម្បីប្រយុទ្ធដោយយោធាវាយរបប ប៉ុល ពត។ ការប្រយុទ្ធនឹងមកដល់គ្រាន់តែជា បញ្ហាពេលវេលាប៉ុណ្ណោះ។ ប្រសិនការប្រយុទ្ធកើតឡើង តើភរិយាខ្ញុំដែលមានផ្ទៃពោះត្រូវដោះស្រាយបែបណា?។ មានពេលខ្លះខ្ញុំគិតថាខ្ញុំមិនគួររៀបការ មានប្រពន្ធក្នុងកាលៈទេសៈបែបនេះទេ។
ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតឡើង ខ្ញុំសម្រេចចិត្តបញ្ជូនភរិយាខ្ញុំ ដែលទើបមានផ្ទៃពោះប្រហែល១ខែ ទៅកាន់មន្ទីរពេទ្យយោធានៅភូមិ សំរោង ឃុំ ដារ ស្រុក មេមត់ ឃ្លាតពីកន្លែងខ្ញុំប្រហែលជិត ៣០គីឡូម៉ែត្រ ហើយក៏ជាកន្លែងដែលភរិយាខ្ញុំ បំពេញមុខងារជាគ្រូពេទ្យនៅទីនោះដែរ។ បែកគ្នាមុនៗគឺអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះគឺខ្ញុំខ្លួនឯងជាអ្នករៀបចំ ដើម្បីត្រៀមខ្លួនវាយរបប ប៉ុល ពត។
ប៉ុន្មានខែមុនបែកគ្នា ទោះសភាពការណ៌តានតឹង ដោយសារពួកប៉ុល ពត បង្កើនការកាប់សម្លាប់មកលើប្រជាជនកម្ពុជាក៏ដោយ ក៏ខ្ញុំតែងមានឱកាសទៅរកភរិយាខ្ញុំ ដែលគាត់តែងរស់នៅក្នុងសភាពភ័យខ្លាច។ ថ្ងៃ១៨ មិថុនា ១៩៧៧ ខ្ញុំមានឱកាសបានជួបភរិយាខ្ញុំជាលើកចុងក្រោយ។ ទោះជាខ្ញុំសំរេចចិត្តរួចហើយថា ស្អែកឬខានស្អែកខ្ញុំនឹងវាយពួកប៉ុល ពត ហើយក្តី តែខ្ញុំមិននិយាយរឿងនេះប្រាប់ភរិយាខ្ញុំនោះឡើយ នេះមិនមានន័យថា ខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះទេ
ខ្ញុំចង់ពន្យារការឈឺចាប់ ដែលប្រពន្ធខ្ញុំនឹងត្រូវទទួលនៅពេលបន្ទាប់ មិនចង់ឱ្យភរិយាខ្ញុំទទួលរងនូវការវាយប្រហារ ខាងផ្លូវចិត្តភ្លាមៗសំរាប់រឿងមួយដែលមិនទាន់ បានកើតឡើងនោះឡើយ ហើយខ្ញុំក៏មិនចង់ឃើញទឹកភ្នែកប្រពន្ធខ្ញុំទៀតដែរ ព្រោះទឹកភ្នែកនាងបានហូរចេញពីខ្លួនស្ទើរតែអស់ទៅហើយ សំរាប់ខ្ញុំក៏មិនសម្រក់ទឹកភ្នែកឱ្យនាងឃើញដែរ។ ជាការចៃដន្យខ្លាំងណាស់ ដែលនារាត្រីនោះ កូនរបស់ខ្ញុំដែលសម្ងំក្នុងផ្ទៃម្តាយ ជាង៥ខែមកហើយបានបំរះជាលើកដំបូង។ ខ្ញុំគិតក្នុងចិត្តថា ប្រហែលកូននេះវាចង់ប្រាប់ខ្ញុំថា ត្រូវតែតស៊ូកុំគិតពីវា តែក៏គិតមួយបែបទៀតថា កូននេះសុំខ្ញុំកុំទៅចោលម្តាយគេ និងខ្លួនគេ។
ថ្ងៃ ២០ មិថុនា១៩៧៧ ជាថ្ងៃគ្រោះថ្នាក់ធំបំផុតសំរាប់ជិវិតខ្ញុំ ប្រសិនសំរេចចិត្តឬធ្វើសកម្មភាពខុសតែបន្តិច គឺនឹងមានគ្រោះថ្នាក់ភ្លាម។ ខ្ញុំសំរេចមិនបញ្ជារកម្លាំងទ័ពវាយ កាន់កាប់ស្រុកមេមត់ ស្រុកស្នួល និង ផ្នែកខ្លះនៃស្រុកជិតខាង នៃស្រុកទាំង២នេះទេ យើងដកកម្លាំងដោយស្ងាត់ស្ងៀមវិញ។ នាពេលរសៀលថ្ងៃ ២០ មិថុនា មុនពេលចាកចេញ ខ្ញុំបានបញ្ជារឱ្យបើកជង្រុក
ស្រូវដែលស្តុកស្រូវប្រមាណ១០០០ថាំង យកស្រូវកិនដាំបាយស៊ី។ នៅពេលនោះខ្ញុំក៏ឆ្លៀតរៀបចំប្រដាប់ប្រដារ យកតាមខ្លួននិងសំរាប់ផ្ញើឱ្យភរិយាខ្ញុំ។ របស់ដែលខ្ញុំផ្ញើឱយភរិយាខ្ញុំ មានថ្នាំសំរាប់ស្ត្រីឆ្លងទន្លេមួយដបនិង អង្រឹងមួយសំរាប់កូនខ្ញុំក្រោយពេលគេកើតឡើង។ អ្វីដែលសំខាន់គឺលិខិតមួយច្បាប់ ដែលខ្ញុំសរសេរផ្ញើឱ្យភរិយាខ្ញុំ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ហូរធ្លាក់មករហូតងងឹតទាំងភ្នែក រកសរសេរបន្តមិនកើតថែមទៀត។ នឹកដល់រឿងកំសត់ទាំងនេះ ខ្ញុំនៅតែស្រក់ទឹកភ្នែកនៅឡើយ បើទោះជារឿងនេះបានកន្លងហួស៣៩ ឆ្នាំហើយក្តី ហើយពេលនោះខ្ញុំទើបអាយុ២៥ឆ្នាំ និងពេលនេះខ្ញុំមានអាយុ៦៤ឆ្នាំហើយក្តី តែរឿងនេះវានៅដិតដាម ជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ច។
វគ្គដំបូងនៃលិខិតដែលខ្ញុំចងចាំមិនភ្លេចគឺ (មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង ពេលអូនកំពុងអាននូវលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថា ខ្លួនស្ថិតនៅទីណាផង។ បងប្អូនពិតជាឆ្ងល់ហើយថា ហេតុដូចម្តេចបានជាមិនដឹងគោលដៅខ្លួនត្រូវទៅ? គោលដៅតស៊ូវាយរបប ប៉ុល ពត គឺជាគោលដៅនយោបាយជាក់លាក់តែអរូបីយ៍ តែអ្វីដែលនឹងកើតឡើងមិនអាចដឹងបានឡើយ ជួនកាលត្រូវគេបាញ់សម្លាប់ ក្រោយសរសេរលិខិតរួច ជួនកាលចង់ទៅជើង តែសភាពការណ៌បង្ខំឱ្យទៅខាងត្បូងជាដើម។
នេះជាការចាប់ផ្តើមប្រកបដោយគ្រោះថ្នាក់ ដែលត្រូវយកជីវិតធ្វើដើមទុន ខុសគ្នាជាមួយការតស៊ូឆ្នាំ១៩៧០ ដែលខ្ញុំចូលព្រៃម៉ាគីស តាមការអំពាវនាវរបស់អតីត សម្តេចព្រះ នរោតម្ត សីហនុ ដែលកាលនោះមិនមានអ្វីត្រូវគិតច្រើនទេ ព្រោះមានអង្គការចាត់តាំងខាងនយោបាយ និងយោធារួចហើយ។ ខ្ញុំជាទាហ៊ានគេប្រើឱ្យយាមគឺយាម គេប្រើឱ្យដាំបាយ គឺដាំបាយ។ល។
លើកនេះខ្ញុំត្រូវធ្វើមេដឹកនាំចលនាតស៊ូ ដែលផ្តើមចេញពីចលនាសម្ងាត់តូចមួយ មិនទាន់មានអង្គការចាត់តាំង មិនទាន់មានកម្លាំង និងតំបន់គ្រប់គ្រង និងកំពុងប្រឈមជាមួយការបោសសំអាត កាប់សម្លាប់ពីសំណាក់ពួកប៉ុលពត។ ខ្លួនខ្ញុំដែលជាអ្នកសរសេរលិខិតនេះ មិនអាចរកពាក្យមកជំនួសពាក្យមិនថា ខ្លួនស្ថិតនៅទីណាផង។ ឃ្លារចុងក្រោយដែលខ្ញុំសរសេរគឺ (បងសូមលាហើយ លាដោយការឈឺចាប់ជាមួយ ទឹកភ្នែករាប់ម៉ឺនដំណក់ លាដើម្បីជួបវិញដោយគ្មានពេលកំណត់)។ ឃ្លារចុងក្រោយនេះបង្កប់ ដោយន័យមានសង្ឃឹមផង និងអស់សង្ឃឹមផង។
បងប្អូនអ្នកអាន នេះជាភាគតូចមួយនៃថ្ងៃព្រាត់គ្នា ២០ មិថុនា ១៩៧៧ ដែលផ្សាភ្ជាប់ជាមួយចលនាតស៊ូរំដោះជាតិ និង ឆ្នាំ១៩៩៥ ខ្ញុំនិងភរិយារួមគ្នានិពន្ធបទទុក្ខស្រីប្តីព្រាត់ ដោយមានជំនួយពីឯកឧត្តមហ៊ុន ហេង។
ខ្ញុំនិងបន្តសរសេរតទៅទៀត នូវរឿងរ៉ាវទាក់ទងនិងដំណើរជីវិត នៃការតស៊ូដើម្បីរស់។ ហើយអត្ថបទនេះខ្ញុំសរសេរពេលធ្វើដំណើរពីទីក្រុង Sochi សហពន្ធ័រុស្សី មកកាន់ក្រុងភ្នំពេញ នៅពេលដែលខ្ញុំសំរាកលើយន្តហោះមិនបាន៕