សមាជិកសភាគណបក្សសង្រោះជាតិប្រកាន់ជំហរមិនឲ្យលោក កឹម សុខា ចូលខ្លួនទៅតុលាការនៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មិថុនា ២០១៦) ៖ ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា លោក កឹម សុខា នឹងមិនចូលខ្លួនទៅតុលាការនៅថ្ងៃអង្គារស្អែកនេះទេ តែថាបានប្រគល់សិទ្ធិឲ្យក្រុមមេធាវីចូលទៅកាន់តុលាការតាមកាលបរិច្ឆេត ដើម្បីនាំយកលិខិតជូនដំណឹងអំពីមូលហេតុសមស្របនៃការមិនអាចចូលខ្លួនរបស់លោក កឹម សុខានិងលិខិតស្នើសុំដែលជាសារណារបស់ក្រុមមេធាវីទៅជូនចៅក្រមស៊ើបសួរដោយផ្ទាល់។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថាកាលពីចុងខែឧសភា អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ៕