ម្តាយមីង និងក្មួយស្រី សង្ស័យពុលទឹកភេសជ្ជៈកញ្ចប់ស្លាប់
សារព័ត៌មាន Cambodia News/
ក្រចេះ (១០ មិថុនា ២០១៦) ៖ អ្នកភូមិ រស់នៅភូមិស្រែស្តេច ឃុំដំរីផុង ស្រុកឆ្លូង បានដាក់ការសន្និដ្ឋាន ថា ការស្លាប់របស់ស្ត្រីក្នុងភូមិពីរនាក់ ម្តាយមីងនិងក្មួយស្រីជាបន្តបន្ទាប់ គឺអាចបណ្តាល មកពី ពុលទឹកភេសជ្ជៈកញ្ចប់ ខណះដែលស្ត្រីរងគ្រោះទាំងពីរនាក់ មានអការៈមិនស្រួលខ្លួន និង បានទទួលទានភេសជ្ជៈកញ្ចប់ ក៏ត្រូវទន់ដៃទន់ជើងណែនដើមទ្រូង និងបានស្លាប់ពេល បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឆ្លូង។
ការភ្ញាក់ផ្អើលមួយរបស់អ្នកភូមិស្រែស្តេចបានកើតមាននៅថ្ងៃទី៨ ខែមិថុនា បន្ទាប់ពី មានស្ត្រីជាអ្នកភូមិពីរនាក់ម្តាយមីង និងក្មួយស្រីបានស្លាប់ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយដោយ អការៈ កើតមានដូចគ្នា។
នគរបាលស្រុកឆ្លូងឲ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់ជាបន្តបន្ទាប់ដោយសង្ស័យ ថាបានរងនូវការពុលពីភេសជ្ជៈ មានឈ្មោះដួង ពិ អាយុ៥៣ឆ្នាំជាម្តាយមីង ត្រូវបានស្លាប់ ពេលបញ្ជូនមកសង្គ្រោះ និងស្ត្រីម្នាក់ទៀត ឈ្មោះ ប្រាក់ ហឿង អាយុ៣៦ឆ្នាំ ជាក្មួយស្រី បានស្លាប់ក្រោយ ពេលបញ្ជូនមកសង្គ្រោះបានរយះពេលជាងកន្លះម៉ោងនៅមន្ទីរពេទ្យឆ្លូង។
បើទោះជាបែបណា ក៏ការស្លាប់របស់ស្ត្រីរងគ្រោះពីរនាក់ម្តាយ មីង និងក្មួយស្ត្រី ជាបន្ត បន្ទាប់ គឺក្រុមគ្រូពេទ្យមិន ទាន់បានកំណត់ថា បណ្តាលមកពីការពុលរឺក៏យ៉ាងណានោះទេ ព្រោះតែស្ត្រីរងគ្រោះទាំងពីរនាក់មានអការៈធ្ងន់ធ្ងរ ខ្លាំងនិងបានស្លាប់នៅពេលសង្គ្រោះ៕