ម៉េង កែវពេជ្ជតា អន់ចិត្តនឹងក្រសួងវប្បធម៌
សារព័ត៌មាន Cambodia News/
ភ្នំពេញ ២៥ ឧសភា ២០១៦)៖ នៅលើហ្វេសប៊ុករបស់អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាងបានបង្ហាញអារម្មណ៍អន់ចិត្ត ដោយបើកចំហរតែម្ដងចំពោះ ចំណាត់ការរបស់ក្រសួងវប្បធម៌ និងករណីដែល ដេនី ក្វាន់ ស្លៀកពាក់ស៊ិចស៊ីកាលពីថ្ងៃទី១៧ ឧសភា ក្នុងពេលក្រសួងតម្រូវអោយ ដេនី ក្វាន់ទៅទទួលការអប់រំ។
អ្នកនាងបញ្ចេញអារម្មណ៍ឆ្លើយតបទៅកាន់អ្នកផ្ដល់យោបល់ថា ៖ «មុនហ្នឹងប្រកាសដាច់ខាត មិនសូមទោសខ្ញុំទេ។ នេះប្រហែលជាខ្លាចអ្វីមួយ ទើបប្រឹងប្រញាប់ចេញមកសូមទោសទាំងមិនចង់។
ហ៊ឺខ្ញុំហាក់អន់ចិត្ត និងក្រសួងយើងណាស់ ស្លៀកពាក់បែបហ្នឹងក៍អាចទទួលជួបបានដែរ វាខុសពីពួកខ្ញុំ បើហ៊ានតែខុសបន្តិច ម៉ែអឺយអត់មើលមុខអាឡូវហេហេ!»។ ការលើកឡើងរបស់អ្នកនាង ត្រូវអ្នកលេងហ្វេសប៊ុកភាគច្រើនយល់ស្រប និងអះអាងថា ឈុតដែល ដេនី ក្វាន់ បានស្លៀកក្នុងពេលឡើងទៅជួបលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ កាលពីថ្ងៃទី១៧ ឧសភា ដែលមានអ្នកកាសែតនៅចាំធ្វើកិច្ចសម្ភាសន៍ជាច្រើន តែជារឿងមិនគួរនឹងក្រសួងផ្ដល់កិត្តិយសឲ្យ។
ក្នុងគណនេយ្យផ្ទាល់ខ្លួនរបស់អ្នកនាង តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេររិះគន់ ទៅកាន់ក្រសួងវប្បធម៌ ដោយមានន័យសំដៅថា អ្នកនាងមិនអាចទទួលយកនោះទេ ដែលក្រសួងវប្បធម៌មិនមានចំណាត់ការណាមួយ ទៅលើ ដេនី ក្វាន់ បន្ទាប់ពីនាងធ្វើខ្លួនស៊ិចស៊ី បណ្ដាលអោយមានការរិះគន់ពេញស្រទាប់មហាជន និងបានទាំងស្លៀកពាក់លិចលើខើចក្រោម ក្នុងថ្ងៃទៅជួបក្រសួងនោះទៅទៀត ប៉ុន្តែក្រសួងនៅតែទទួលជួប ហើយមិនមានការស្ដីបន្ទោស៕