គង់​ ច័ន្ទ​ស្រី​មុំ ​បង្ហាញ​វត្ត​មាន​ក្នុង​រឿង​ភាគ​ថ្មី​

តារាសម្តែងមុខស្រស់សាច់ស្អាតនាងគង់ ច័ន្ទស្រីមុំ បានបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាព យន្តភាគដែលថតដោយស្ថានីយទូរទស្សន៍បាយ័ន បន្ទាប់ពីស្ងប់ស្ងាត់មួយខ្យល់ក្នុងខ្សែ ភាពយន្តភាគតាមទូរទស្សន៍ដោយសារកិច្ចការរកស៊ី ។

ការបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មីរបស់នាងនាពេលនេះគឺ ក្រោយពេលដែលនាងទើប តែបានបញ្ចប់ការសម្តែងខ្សែភាព យន្តរឿង វិញ្ញាណបិសាចជញ្ជក់ឈាមរបស់ផលិតកម្ម សាន់ដេដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ក្នុងពេលថ្មីៗនេះ។

តារាសម្តែងក្រម៉ិចក្រមើម គង់ ច័ន្ទស្រីមុំ បាននិយាយថា ខ្សែរឿងថ្មី ដែលនាងកំពុងតែ ចេញថតនោះ មានចំណងជើងថា «ហេតុអ្វីអូនស្នេហ៍គេ» ដែលជាប្រភេទរឿងភាគរបស់ ស្ថានីយទូរទស្សន៍បាយ័ន។ នាងបន្តថា ខ្សែរឿងនេះ នឹងត្រៀមចាក់បញ្ចាំងបន្ទាប់ពីរឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា» ដែលសម្ដែងដោយនាងសុខ សោម៉ាវត្តី និងនាយភូ ត្រូវបញ្ចប់ជាស្ថាពរ។

នាងបញ្ជាក់ថា ក្នុងរឿងភាគទី២ដែលនាងសម្តែងនេះ គឺអ្នកដឹកនាំរឿងបានតម្រូវឲ្យនាង សម្ដែងជាតួឡូយឆាយ នឹងមានចរឹកដេញទាន់ជាន់កែងនឹងតួប្រុស ដែលមិនខុសពីខ្សែ រឿងដែលប៉ុស្ដិ៍បាយ័នធ្លាប់ឲ្យនាងសម្ដែងកាលមុនប៉ុន្មាន ឡើយ។

ទោះជាយ៉ាងណាតារាសម្តែងមុខស្រស់រូបនេះបានរំពឹងជា មុនថា ខ្សែរឿងនេះ ពិតជាអាច រុញឲ្យនាងទទួលបានជោគ ជ័យក្នុងវិថីសិល្បះបន្ថែមទៀតក្នុងពេលចាក់បញ្ចាំង។

ការបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាពយន្តភាគរបស់គង់ ច័ន្ទស្រីមុំ នាពេលនេះក្រោយពេល ដែលនាងបានអវត្តមានមួយខ្យល់ ក្នុងការសម្តែងរឿងភាគ តាំងពីនាងមានជម្លោះជាមួយផលិតកម្មមហាហង្សធ្វើឲ្យនាងមិនដែលទទួលថតរឿងភាគ ទៀតឡើយ។ម្យ៉ាងទៀតនាង ក៍គ្មានពេលក្នុងការគ្រប់គ្រងហាងលក់សំលៀកបំពាក់ផ្ទាល់ខ្លួនដែលមានភាពមមាញឹក ស្ទើរដកឃ្លាមិនបាននោះ។

នាងអះអាងថា ការសម្ដែងកុនមិនអាចសម្រេចមហិច្ឆតាឲ្យនាងបានទេ ទើបនាងទទួល សម្ដែងតែពេលទំនេរពីមុខជំនួញ ដែលនាងហាក់ប្រឹងស្រវាស្រទេញច្រើននាពេលចុង ក្រោយនេះ។ តែទោះជាយ៉ាងណានាងរំពឹងថា កេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បះនេះគឺជាកត្តា ចម្បងក្នុងការរុញច្រានឲ្យនាងកាន់តែងាយស្រួលក្នុងការពង្រីកមុខជំនួញ ។

បន្ទាប់ពីថតបញ្ចប់រឿង«ហេតុអ្វីអូនស្នេហ៍គេ» គង់ ច័ន្ទស្រីមុំបានអះអាងថា នាងមិនទាន់ ទទួលសម្រុកថតរឿងថ្មីនៅឡើយទេ ដើម្បីកុំឲ្យមហាជនយល់ថានាងចេញមុខច្រើន ហើយធ្វើឲ្យសាបប្រជាប្រិយភាព។

គួរំលឹកថា តារាសម្ដែងវ័យក្មេងនាង គង់ ច័ន្ទស្រីមុំ  បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំង ពីឆ្នាំ២០០៧ មកម្ល៉េះ ពោលគឺចាប់តាំងពីនាងបានជាប់ជាកញ្ញាឯក Freshie Girl នោះរួម មក។ភាពលេចធ្លោរបស់នាងបានចាប់ផ្តើមឡើង បន្ទាប់ពីនាងបានបង្ហាញមុខក្នុងឈុតខារ៉ាអូខេ រួមជាមួយលោក ហេង ពិទូ ក្នុងបទ “បារម្ភសង្សារក្មេង ” ។ ដោយសារទេពកោសល្យសម្តែងបូករួមជាមួយរូបសម្រស់ដ៏ស្រស់ស្អាតផងនោះគង់ ច័ន្ទស្រីមុំ បានបង្ហាញវត្តមានជាបន្តបន្ទាប់ក្នុងខ្សែភាពយន្ត ឈុតខារ៉ាអូខេ និង ស្ពតពាណិជកម្មស្ទើរមិន ដាច់សូរ។

ទន្ទឹមនឹងភាពជោគជ័យក្នុងអាជីពសិល្បះរបស់នាងនៅពេលនេះ បើក្រឡេកមើលពីជីវិត ស្នេហារបស់គង់ ច័ន្ទស្រីមុំ វិញរហូតមកដល់ពេលនេះនាងនៅមិនទាន់មានលេចលឺ ដំណឹងចូលរោងការនៅពេលណាឡើយ ក្រោយពីនាងបានសាងស្នេហ៍យ៉ាងល្អូកល្អឺនជា មួយគូស្នេហ៍គឺលោក សីហា អស់ជាច្រើនឆ្នាំមកនេះ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close