រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឲ្យអ្នកសារព័ត៌មានគោរពច្បាប់
សារព័ត៌មាន Cambodia News/
ដោយ ៖ ហេង នាង/
ភ្នំពេញ (០៣ ឧសភា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មានរួមទាំង សង្គមស៊ីវិល ឲ្យគោរពច្បាប់ឲ្យបានត្រឹមត្រូវ ព្រោះថា បច្ចុប្បន្នយើងចូលដល់តំណាក់កាលអនុវត្តច្បាប់ហើយ ដូច្នេះមានន័យថា បើយើងសរសេរព័ត៌មាន ហើយមានការចោទប្រកាន់គឺគេត្រូវអនុវត្តតាមច្បាប់ ។
នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលដែលឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកនាព្រឹកថ្ងៃទី៣ឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា សហការរៀបចំដោយ អង្គការ OHCHR ដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមន៍ វិទ្យានសារគមន៍កម្ពុជា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្លិបអ្នកកាសែតកម្ពុជា មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងសមាគមន៍កម្ពុជាការពារអ្នកកាសែត។
ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា សេរីភាពអ្នកសារព័ត៌មានកម្ពុជាកំពុងត្រូវបានលើកកម្កើងខ្ពស់ បើធៀបទៅគឺខុសគ្នាពីឆ្នាំ២០១៥ ពោលគឺអ្វីៗដែលខុសពីការពិតគឺត្រូវមានប្រតិកម្មតប ព្រោះយើងជាសង្គមប្រជាធិបតេយ្យការយល់ឃើញ ការបញ្ចេញមតិគឺត្រូវផ្អែកលើមូលដ្ឋានច្បាស់លាស់ ។
គួរបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ សិទ្ធិទទួលព័ត៌មាន ជាសិទ្ធិរបស់អ្នក ។ ទិវានេះ បានក្លាយទៅជាឱកាសដ៏សំខាន់មួយ ក្នុងការលើកស្ទួយសេរីភាពសារព័ត៌មាន វាយតម្លៃនូវកំរិត សេរីភាព ការពារស្ថាប័នសារព័ត៌មានពីការវាយប្រហារនិងជាឱកាសរំលឹកទៅដល់ អ្នកសារព័ត៌មានដែលបានស្លាប់បាត់បង់ជីវិតក្នុងបុព្វហេតុអាជីព របស់ខ្លួន ៕