សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីខួបកំណើតមិនពិត តែជាថ្ងៃខួបកំណើតផ្លូវការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មេសា ២០១៦) ៖ ថ្ងៃនេះ ជាថ្ងៃខួបកំណើតមិនពិត តែជាថ្ងៃខួបកំណើតផ្លូវការរបស់ខ្ញុំ។ អ្វីដែលសំខាន់សំរាប់ខ្ញុំនាថ្ងៃ ៤មេសានេះ គឺជាថ្ងៃដែលខ្ញុំបានសំរេចចិត្តដើរតាមការអំពាវនាវរបស់ សម្តេចព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។
៥ ឆ្នាំមុន ខ្ញុំបែកពីឪពុក ម្តាយ បងប្អូនដោយដៃកាន់សៀវភៅ ប៊ិច ដើម្បីការរៀនសូត្រ តែលើកនេះខ្ញុំចាកចេញទៅជាមួយការតាំងចិត្ត កាន់អាវុធដើម្បីធ្វើការប្រយុទ្ធ។ ថ្ងៃនេះ គឺជាខួបលើកទី៤៦ឆ្នាំនៃការផ្ទេរជីវភាពពីយុវសិស្សម្នាក់មកជាយុទ្ធជនម្នាក់ (៤ មេសា១៩៧០-៤ មេសា ២០១៦)។
ពេលនោះខ្ញុំទើបមានអាយុ១៨ឆ្នាំ ខ្ញុំគួរតែមានឱកាសបន្តការសិក្សា ឬរស់នៅជាមួយក្រុមគ្រួសារ តែរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេសបានដាក់ប្រជាជនកម្ពុជា ទៅជាចំណាប់ខ្មាំងនៃសង្គ្រាម ដែលគ្មានផ្លូវទី៣សំរាប់ការជ្រើសរើសនោះឡើយ។
តើជាកំហុសអ្នកណាដែលធ្វើឱ្យកម្ពុជាមានសង្គ្រាម និងបន្ទាប់មកមានរបប ប៉ុល ពត? កំហុសរបស់អ្នកនយោបាយមួយនាក់ឬមួយក្រុមនា ពេលនោះបានធ្វើឱ្យកម្ពុជាចាកចេញពីសន្តិភាពមកកាន់សង្គ្រាមវិនាសកម្ម និងបន្ទាប់មកកើតមានរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងត្រូវរួមគ្នារក្សាសន្តិភាពដែលយើងរកបានដោយលំបាកនេះឱ្យបានគង់វង្សតរៀងទៅ៕ ប្រភពពី ៖ http://samdechhunsen.gov.kh