សាលាក្រុងនឹងអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ មីនា ២០១៦) ៖ អាជ្ញាធរក្រុងភ្នំពេញ នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ខែមីនាស្អែកនេះ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០១៧ ក្នុងនោះមានការផ្លាស់ប្តូរស្លាកសញ្ញាចរាចរណ៍ចាស់ ហើយបំពាក់ភ្លើងសញ្ញាចរាចរណ៍ថ្មី ១០០ទីតាំង។
ការបំពាក់កាមេរ៉ាវីដេអូចាប់រូបភាពចលនាយានយន្ត ១៨៩គ្រឿង និង CCTV កាមេរ៉ា ២៦គ្រឿងសម្រាប់ ត្រួតពិនិត្យតាមដានស្ថានភាពចរាចរណ៍ នៅតាមចំណុចផ្លូវប្រសព្វនានាក្នុងខណ្ឌដូណពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក ហើយក៏នឹងមានការសាងសង់មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងបញ្ជាចរាចរណ៍មួយកន្លែងផងដែរ នៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ គម្រោងនេះ ធ្វើឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៥ ខែមីនា៕