សាលាក្រុងនឹងកែសម្រួលផ្លូវមួយចំនួន ដើម្បីកាត់បន្ថយស្ទះចរាចរក្នុងឆ្នាំ២០១៦
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កុម្ភៈ ២០១៦) ៖ សាលារាជធានីភ្នំពេញនិងយកបញ្ហាចរាចរណ៍ជាអទិភាព សំរាប់ ធ្វើការដោះស្រាយ ការកកស្ទះចរាចណ៍នៅក្នុងរាជធានីចាប់ពីដើមឆ្នាំ២០១៦នេះដែល ក្នុងនោះ តាមវិថីមួយចំនួនតំរូវមិនឲ្យមានការចតយានយន្ត និងរៀបចំឲ្យមានការចតរថយន្ត តាមថ្ងៃសេស និងថ្ងៃគូរ ព្រមទាំងរៀបចំផ្លូវឯកទិសបន្ថែមទៀត។
នេះជាការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងពិធីបិតសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ ២០១៥-២០១៦ កាលពីរសៀលថ្ងៃទី៣ កុម្ភៈ នៅមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានបន្តឲ្យដឹងថា ចំនួនយាន្តយន្តដែលបានចុះបញ្ជីទូទាំងរាជធានី-ខេត្តមានប្រមាណជាង ៤៧ ម៉ឺនគ្រឿង ដូច្នេះអាចបណ្តាលឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង តម្រូវឲ្យមានការរៀបចំឡើងវិញ ចំពោះផ្លូវមួយចំនួនក្នុងទីក្រុង ដើម្បីកាត់ បន្ថយការកកស្ទះចរាចរ។
លោក បានបន្តថា ទន្ទឹមនឹងនេះ សាលារាជធានីបានលើកទឹក ចិត្តចំពោះវិស័យឯកជន ដើម្បីវិនិយោគក្នុងការសាងសង់ចំណតរថយន្តក្រោមដី ដើម្បីជួយកាត់បន្ថយការចតឡាននៅតាមចិញ្ចើមផ្លូវ ដែលនាំឲ្យមានការកកស្ទះចរាចរផងដែរ៕