ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កុម្ភៈ ២០១៦) ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កំណើនបទល្មើសទាក់ទងទៅនឹងគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងថា សកម្មភាពអ្នកប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសមួយនេះ នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់។ កំណើនបទល្មើសគ្រឿងញៀន បានធ្វើឲ្យសង្គមកម្ពុជាវឹកវរ ដែលបង្កឲ្យមានបញ្ហាអសន្តិសុខ ដូចជាចោរកម្ម និងអំពើហិង្សាទូទៅ។
របាយការណ៍ដដែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កើនឡើងចំនួន១៦៥៧៥នាក់ កំណើននេះ បានធ្វើឲ្យប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញបទបញ្ជាបទបញ្ជា៥ចំណុច ដើម្បីទប់ស្កាត់ និងពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ វិធានការទាំង៥នោះ រួមមាន៖
១-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវចាត់តាំងរៀបចំ និងជំរុញសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំឲ្យមានការយល់ដឹងពីផលប៉ះពាល់ និងការចាកចេញពីឥទ្ធិពលគ្រោះថ្នាក់ នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ។
២- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន និងគណៈកម្មាធិការទទួលបន្ទុកការងារ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវចាត់ចែងរៀបចំពង្រឹង លើកកម្ពស់សមត្ថភាព ការគ្រប់គ្រង ការផ្តល់សេវា និងគុណភាពសេវាវេជ្ជសាស្ត្រ។
៣-ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងផែនការប្រៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន។
៤-អាជ្ញាធរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃ ត្រូវពង្រឹងយន្តការ និងតួនាទីដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០១៦។
៥-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃត្រូវធ្វើការតាមដាន បូកសរុប វាយតម្លៃ និងធ្វើរបាយការណ៍ពីលទ្ធផលជូនរាជរដ្ឋាភិបាល ដើម្បីមានមូលដ្ឋានដឹកនាំបន្តប្រកបដោយប្រសិទ្ធភាព។
ជា ការកត់សម្គាល់ នៅក្នុងបទបញ្ជារបស់សម្តេចហ៊ុន សែន បានលើកឡើងពីក្តីកង្វល់ថា ស្ថិតក្នុងស្ថានភាពដែលពិភពលោក និងតំបន់កំពុងតែប្រឈមទៅនឹងនិន្នាការកើនឡើងនូវការផលិត ការចរាចរណ៍ និងតម្រូវការទីផ្សារប្រើប្រាស់គ្រឿងញៀននោះ កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលទទួលរងគ្រោះដោយសារឥទ្ធិពលនៃបទឧក្រិដ្ឋគ្រឿងញៀន ហើយនៅដំណាក់កាលចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀនបានរីករាលដាលគួរឲ្យព្រួយបារម្ភ ជាពិសេសក្នុងស្រទាប់យុវវ័យ ដោយបានបង្កឲ្យមានក្តីកង្វល់ជារួមក្នុងសង្គមកម្ពុជា៕