ក្រសួងសុខាភិបាលរកឃើញជំងឺកញ្ជ្រិល១ករណី បន្ទាប់ពីប្រកាសលុបបំបាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ មករា ២០១៦) ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញជំងឺកញ្ជ្រិលមួយករណី លើកុមារ អាយុ ៧ខែ មកពីខេត្តកំពង់ស្ពឺ។ ករណីរកឃើញថ្មីនេះ បានកើតឡើង ក្រោយពីក្រសួងសុខាភិបាលបានលប់បំបាត់ជំងឺនេះ និងបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅខែមីនា ឆ្នាំ២០១៥។
សេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា មានករណីសង្ស័យជំងឺកញ្ជ្រិលមួយករណីខាងលើ បានរាយការណ៍ពីមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដែលទារកនេះ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ករណីសង្ស័យនេះ ត្រូវបានបញ្ជាក់ថា ជាជំងឺកញ្ជ្រិលដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) និងដោយមន្ទីរពិសោធន៍ប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងទីក្រុង ហុងកុង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
សេចក្ដីប្រកាសដដែលបានឲ្យដឹងទៀតថា ករណីជំងឺកញ្ជ្រិលលើទារកអាយុ ៧ ខែនេះ ជាករណីពិសេស ដែលបានរកឃើញ ព្រោះជាទូទៅ ជំងឺកញ្ជ្រិល កើតមាននៅលើទារក អាយុចាប់ពី ៩ ខែ ហើយអនុលោមតាមប្រតិទិនរបស់អង្គការសុខភាពពិភពលោក វ៉ាក់សាំងការពារជំងឺកញ្ជ្រិល ស្អូច ទី១ ( MR1) អាចផ្តល់ជូនបាន លុះត្រាតែទារក មានអាយុចាប់ពី ៩ ខែឡើងទៅ។ ការរាយការណ៍ករណីជំងឺកញ្ជ្រិលនេះ គឺជាផ្នែកមួយនៃការតាមដានស្រាវជ្រាវជំងឺ ជាប្រចាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ៕