សម្តេច ហ៊ុន សែន៖ ប្រសិនប្រជាជន Like ឱ្យខ្ញុំច្រើនជាងសូមកុំជេរខ្ញុំ កុំជេរប្រជាជន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មករា ២០១៦) ៖ សម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការចាប់អារម្មណ៍របស់សម្តេចជាថ្មីម្ដងទៀតថា ហ្វេសប៊ុករបស់សម្តេចនឹងមានអ្នកចូលចិត្តចំនួនច្រើនជាងគេ ខណៈសម្តេចថ្លែងចំអកមិនចំឈ្មោះលើអ្នកនយោបាយម្នាក់ដែលមានចំនួន អ្នកចូលចិត្តនឹងតិចជាងលោក ហើយលោកថាកុំជេរប្រជាជន និងកុំជេរលោក។
សម្តេច ហ៊ុន សែនបានសរសេរដូចនេះលើទំព័រហ្វេសប៊ុករបស់សម្តេចនៅថ្ងៃនេះថា៖ «មុន នោះគេតែងស្តីបន្ទោសគណៈកម្មាការ បោះឆ្នោតនៅពេលគេចាញ់ការបោះឆ្នោតម្តងៗ។ លើកនេះប្រសិនគេច្រណែននិងប្រជាជនចូលចិត្តហើយ Likes ឱ្យ Facebook ខ្ញុំសង្ឃឹមថាពួកគេមិនទៅរករឿងក្រុមហ៊ុន Facebook នោះទេហើយក៏មិនចោទខ្ញុំថាយកសារ៉ុង ប៊ីចេង ទៅទិញទឹកចិត្តប្រជាជនឬគំរាមប្រជាជនឱ្យចុច Like ឱ្យខ្ញុំនោះដែរ»។
សម្តេច ហ៊ុន សែន បានសរសេរបន្តទៀតថា៖ សង្ឃឹមថារៀមច្បងដែលអួតអាងនិងតាំងខ្លួនជាស្តេច Facebook នៅកម្ពុជាមេត្តាយោគយល់ព្រោះខ្ញុំជាអ្នកចំណូលថ្មីទើបបានប្រមាណ៤ខែប៉ុណ្ណោះ។ ប្រសិនប្រជាជន Like ឱ្យខ្ញុំច្រើនជាងសូមកុំជេរខ្ញុំ កុំជេរប្រជាជន និងកុំជេរក្រុមហ៊ុន Facebook ៕