រដ្ឋាភិបាលសម្រេចយកផ្លូវវ៉េងស្រេងមកគ្រប់គ្រងខ្លួនឯងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ ធ្នូ ២០១៥) ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូនេះ បានសរសេរនៅលើហ្វេសប៊ុករបស់សម្តេចថា «ក្រោយម៉ោង១២ យប់កន្លងមកនេះ ខ្ញុំបានសំរេចដកយកផ្លូវវែងស្រេងមកគ្រប់គ្រងវិញ បន្ទាប់ពីបានទទួលយោបល់ដ៏ល្អពីសំណាក់ប្រជាជនយើងមកកាន់ Facebook របស់ខ្ញុំ។ ខ្ញុំបង្ហោះការសំរេចចិត្តបែបនេះក្រោយ ម៉ោង ១២យប់ ជាពេលវេលាដែលបងប្អូនបានចូលសំរាករួចទៅហើយ»។
សម្តេចបានបញ្ជាក់ថា«ខ្ញុំសូមបញ្ជាក់សារជាថ្មីថា ពេលនេះការធ្វើដំណើរតាមផ្លូវវែងស្រេងមិនមានបង់ប្រាក់ទៀតទេ។ អ្វីដែលខ្ញុំសុំពីបងប្អូនវិញគឺត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវវែងស្រេង»។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បានលើកពីសំណូមពរប្រជាពលរដ្ឋថា ( ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវេងស្រេង សុំសម្តេចជួយដោះស្រាយផង ក្រុមហ៊ុនសាងសង់ផ្លូវបានកំណត់យកថ្លៃឆ្លងកាត់សម្រាប់ឡានគ្រួសារ តម្លៃ១១០០រៀល ដែលពីមុនមិនមានការយកទេ ។
ក្រុមហ៊ុនអោយធ្វើ sticker បិទដើម្បីចេញចូលមិនបាច់បង់ប្រាក់ ប៉ុន្តែតម្លៃនោះគឺ១៣២០០០រៀលក្នុងមួយឆ្នាំគឺថ្លៃជាងបង់ពន្ធ ផ្លូវទៅទៀត។ សូមសម្តេចជួយដោះស្រាយផង។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត)៕