សម្តេច ហ៊ុន សែន ព្រមាន មន្ត្រីណាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ ធ្នូ ២០១៥) ៖ ក្នុងពិធីប្រារព្ធ«ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ព្រមានដល់មន្ត្រីទាំងទ្បាយណាដែលបាននិងកំពុងឃុបឃិតនិងសហការទាញយកផលប្រយោជន៍ជាមួយជនល្មើស និងអំពើពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ត្រូវឆាប់ដកខ្លួនជាបន្ទាន់ ។
សម្តេចប្តថា ក្នុងករណីរកឃើញថា មន្ត្រីណាម្នាក់បានប្រព្រឹត្ត ឬឃុបឃិតជាមួយជនល្មើសដើម្បីទាញយកផលប្រយោជន៍ដោយស្របច្បាប់ ឬមិនស្របច្បាប់ពីអំពើជួញដូរមនុស្ស មន្ត្រីនោះនឹងត្រូវផ្តន្ទាទោសតាមច្បាប់មិនលើកលែងទ្បើយ ។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានអំពាវនាវបន្ថែមទៀតចំពោះសម្តេច លោក លោកជំទាវ វិស័យឯកជន អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារអង្គការសហប្រជាជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូមបន្តអនុវត្ត នូវស្មារតីនៃការខិតខំប្រឹងប្រែង និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះឱ្យកាន់តែសកម្មផុលផុស និងមានប្រសិទ្ធភាពទ្វេទ្បើងសំដៅលុបបំបាត់អំពើជួញដូរមនុស្សនេះ ៕