រដ្ឋាភិបាលនឹងចាត់ចែងឲ្យមានការប្រគុំតន្រ្តីអបអរសាទរក្នុងថ្ងៃបុណ្យអុំទូកជូនប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ វិច្ចិកា ២០១៥) ៖ ក្នុងគេហទំព័រ Facebook ផ្លូវការ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ បានសរសេរថា “ សុវត្ថិភាព និង សុខសន្តិភាព គឺជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ។ ម៉្យាងវិញទៀត កម្ពុជាដែលមានឳកាសចូលរួមប្រកួតប្រជែងលើវិស័យកីឡាទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិបាន គឺអាស្រ័យដោយប្រទេសយើងមានសន្តិភាពពេញលេញ”។
សារក្នុងទំព័រ Facebook របស់សម្តេច បន្តថា នៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ រាជរដ្ឋាភិបាលនឹងចាត់ចែងអោយមានការប្រគុំតន្រ្តីអបអរសាទរជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅតាមទីកន្លែងមួយចំនួនដូចជា រមណីយដ្ឋានវត្តភ្នំ សួនច្បារវត្តបទុមវតី និង កោះពេជ្រ ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាម TV និងមានបាញ់កាំជ្រួចអបរអរពិធីបុណ្យទៀតផងនៅក្នុងថ្ងៃបុណ្យអុំទូកខាងមុខនេះ។
សម្តេច ក៏ បានបញ្ជាក់ថា កម្រិតទឹកទន្លេពេលនេះក៏កំពុងស្រកចុះយ៉ាងខ្លាំង ដែលគ្មានសុវត្ថិភាពក្នុងការប្រណាំងទូកជាផ្លូវការ។ ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬក្រុមអ្នកស្ម័គ្រចិត្តទាំងឡាយណាដែលមានលទ្ឋភាពចង់រៀបចំអុំទូក ក៏ពុំមានការហាមឃាត់ដែរ តែត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពដោយខ្លួនឯងអោយបានល្អបំផុត។ យើងសង្ឃឹមថាប្រជាពលរដ្ឋនឹងយោគយល់ចំពោះបញ្ហាសុវត្ថិភាពជាចម្បង ដែលរាជរដ្ឋាភិបាលបានសម្រេចការផ្អាកពិធីបុណ្យអុំទូកជាផ្លូវការឆ្នាំនេះ៕ ដោយ៖ ហេង នាង