សម្តេច ហ៊ុន សែន រម្លឹកប្រវត្តិប្រធានគណបក្សសង្គ្រោះជាតិ ថា កូនអាក្បត់ជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ វិច្ចិកា ២០១៥) ៖ នាយប់ជ្រៅចូលថ្ងៃទី១២ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារវាយបកខ្លាំងៗ ទៅលើ លោក សម រង្ស៊ី ដោយបានហៅលោក សម រង្ស៊ី ថា អាកូនក្បត់ជាតិ និងបានលើកឡើងថា «ពូជពង្សវង់ត្រកូលរបស់លោក សម រង្ស៊ី ប្រៀបធៀបជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ»។
ការវាយបកខ្លាំងៗ និងភ្លាមៗពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មេបក្សប្រឆាំងនៅកម្ពុជានេះ ធ្វើឡើងក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក សម រង្ស៊ី បន្តរិះគន់មកលើកម្ពុជាថា ជាប្រទេសផ្តាច់ការ ទាមទារឲ្យមានការផ្លាស់ប្តូរដូចភូមា។
ក្នុងទំព័រគណនីបណ្តាញសង្គម (Facebook Page) សម្ដេច ហ៊ុន សែន បានសរសេរ និងបរិយាយដែលមានខ្លឹមសារទាំងស្រុងថា “ថ្ងៃនេះក៏ដូចដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិយភាពជាមួយអ្នកណាទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង និងក៏ដើម្បីសម្រួលដល់បរិយាកាសនយោបាយនៅកម្ពុជាយើងផងដែរ។ ប៉ុន្តែជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថរបស់កូនជនក្បត់ជាតិបានទេ។
ជោគជ័យគួរឲ្យកោតសសើររបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ាដែលខ្មែរយើងទម្លាប់ហៅថាភូមា បានទាញមេបក្សប្រឆាំងនៅកម្ពុជាដែលទើបសុំទោសខ្ញុំកាលពីថ្ងៃ ២៩ តុលា ២០១៥ បើកការវាយប្រហារមកលើខ្ញុំសារជាថ្មីដែលបានបំផ្លាញសារជាថ្មីនូវវប្បធម៏សន្ទនាដែលបាននឹងកំពុងជួសជុលបន្ទាប់ពីជំនួប ស ខេង សម រង្ស៊ី។
មុនៗ ឲ្យតែមានបដិវត្តន៍ពណ៏ផ្ដួលរំលំនៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែនិយាយថាជិតកើតឡើងនៅកម្ពុជាដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៍សុទ្ធតែមានសង្គ្រាមបង្ហូរឈាម យើងមិនសូវឮមេបក្សរូបនេះនិយាយពីបដិវត្តន៍ពណ៍តទៅទៀតទេ។
បក្សប្រឆាំងនៅភូមាឈ្នះឆ្នោតគេប្រើជាប្រយោជន៍ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហាររាជរដ្ឋាភិបាលនិងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ ២០១៥ហើយ មួយទៀតឆ្នាំ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាកនិងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត៥ដងរួចមកហើយ។
ឯពូជពង្សវង្សត្រកូលឯកឧត្តមប្រៀបធៀបជាមួយជាមួយ អ៊ុង សានសូជី មិនបានទេព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ បើពុំមានការធ្វើនិតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថាជាកូនអាក្បត់ជាតិ។ ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ធនាមឲ្យ។
ឯកឧត្តមហៅខ្ញុំជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថាកូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេតែខ្ញុំហៅតាមអ្នកជំនាន់មុនដែលធ្លាប់ហៅឪពុកឯកឧត្តមថាអាក្បត់ជាតិ។ ពាក្យនេះសំរាប់ខ្ញុំពិបាកស្តាប់ណាស់ក្នុងសម័យថ្មីរបស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ជាតិទៅជាឯកឧត្តមក្បត់ជាតិបានទេ បើមិនទាន់ធ្វើនីតិសម្បទាសំរាប់ជូនខ្មោចឳពុកឯកឧត្តមទេនោះ។ ខ្ញុំសុំប្រាប់ទៅឯកឧត្តមថាពូជខ្ញុំអត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
សុំទោសបងប្អូនជនរួមជាតិ សុំវិនិឆ្ឆ័យចុះ តើអ្នកណាបង្កហេតុហ្នឹង បើមានអ្វីកើតឡើងសុំកុំបន្ទោសខ្ញុំ។ ថ្ងៃនេះខ្ញុំបង្ហោះទៅជាមួយនូវអត្ថបទប្រៀបធៀបមួយ មិនដឹងចេញពីប្រភពណាតែឃើញក្នុង Facebook មួយ ទោះវាមិនទាន់ពេញលេញ តែវាជាមូលដ្ឋានឱយយើងយល់ពី អ៊ុង សានសូជី និង សម រង្ស៊ី។ ម្យ៉ាងទៀត សុំទោសផងយប់ស្ងាត់វាយម្នាក់ឯងអាចខុសពាក្យពេចន៍និងអក្ខរាវិរុទ្ធខ្លះ៕