រដ្ឋាភិបាលបកស្រាយចំពោះការចោទថាបានធ្វើឲ្យបាត់បង់ទ្រព្យរដ្ឋ
មន្ត្រីរដ្ឋាភិបាលនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១២ បានធ្វើការបកស្រាយចំពោះករណីដែលបក្សប្រឆាំង ចោទថារដ្ឋាភិបាល បានធ្វើឲ្យបាត់បង់ថវិការរដ្ឋ។
លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីហៅការថ្លែងរបស់ មន្ត្រីបក្សប្រឆាំង ថាជាចេតនាចង់បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលហើយចង់ទាញឲ្យប្រទេសកម្ពុជា ស្ថិតនៅលើផ្លូវ នយោបាយបែបប្រទេសកុម្មុយនិស្ត។
លោកបានថ្លែងថា ដោយសាប្រទេសកម្ពុជាជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី ដូចនេះរដ្ឋត្រូវផ្តល់ឱកាសវិនិយោគស្មើៗគ្នាទៅកាន់អ្នកវិនិយោគ។លោកបានបន្តថា «ផ្នត់គំនិតរបស់គណបក្សប្រឆាំង គឺគាត់ចង់បានរបៀបដឹកនាំតាមកុម្មុយនិស្ត ចង់អ្វីៗហ្នឹងគឺរដ្ឋកាន់កាប់ទាំងអស់ គ្រប់គ្រងទាំងអស់។ សេរីគឺអត់អ៊ីចឹងទេ គឺមានឯកជន មានវិស័យឯកជនជាបុគ្គល ជាគ្រួសារជាអីអ៊ីចឹង។ គេជាម្ចាស់កម្មសិទ្ធិមែន ជារដ្ឋអ្នកកាន់កាប់ទាំងអស់ឯណា ដឹកនាំដោយរដ្ឋស្អីរបស់រដ្ឋឯណា អាហ្នឹងវាត្រូវដឹងពីរបប។ នៅប្រទេសជឿនលឿនអាមេរិកអីសុទ្ធតែអាដែងមានសេដ្ឋីមានអីអ៊ីចឹងតើ! មានឯកជនមានអីគេកាន់កាប់អ៊ីចឹង»។
ការឆ្លើយតបរបស់លោក កែវ រេមី ធ្វើឡើងរយៈពេល១ថ្ងៃបន្ទាប់ពីតំណាងរាស្រ្តបក្សប្រឆាំង សម រង្ស៊ី រិះគន់ជាសាធារណៈ។ ការក្នុងកាចោទប្រកាន់នេះលោក យឹម សុវណ្ណ អះអាងថា ក្រោមការគ្រប់គ្រង់របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ធនធាន ទ្រព្យសម្បត្តិរដ្ឋ រួមមានបឹងបួរ រ៉ែ ឧស្ម័ន ប្រេងកាត អគារ និងសម្បត្តិសាធារណៈរបស់រដ្ឋផ្សេងជាច្រើន។
លោកយឹមសុវណ្ណនិយាយថា «ផលដែលបានមកពីកំណើនសេដ្ឋកិច្ចមួយចំនួនធំត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកមានអំណាច ជនប្រព្រឹត្តអំពើពុករលួយ ហើយនិងក្រុមហ៊ុនឯកជន ឧកញ៉ាដែលស្និទ្ធជាមួយគណបក្សកាន់អំណាច។ ចំណែកឯប្រជាពលរដ្ឋច្រើនលើសលប់ទទួលបានផលតិចតួចណាស់ពីកំណើនសេដ្ឋកិច្ចបែបនេះនោះ»។
ប៉ុន្តែការចោទប្រកាន់នេះត្រូវបានលោក កែវ រ៉េមី អះអាងថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើគឺដើម្បីឲ្យអ្នកវិនិយោគមកបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន និងចំហឲ្យមានការជជែកដេញដោលសង្គមស៊ីវិល អាចមានសិទ្ធិបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងធានាឲ្យមានគោលនយោបាយសេរីពហុបក្ស។ លោកបានបញ្ជាក់ថា នោះគឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជាសំម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕