ក្រសួង​​ព័ត៌មានទុក​​ពេល ​១​ខែ​ទៀត​​ឲ្យ​​ទូរទស្សន៍​ដូរ​ពេល​​ផ្សាយ​ភាពយន្ត​បរទេស

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៧ តុលា ២០១៥) ៖ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ថា ក្រសួង​ព័ត៌មាន​ប្រកាស​ទុក​ពេល ១​ខែ​ទៀត ឲ្យ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​ចាប់​ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខាង​មុខ​នេះ​វិញ។

ការទុក​ពេលនេះដោយមានស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​សុំ​ឲ្យ​ក្រសួង​ពន្យារ​ពេល​ចាក់​ផ្សាយ​ភាពយន្ត​ខ្មែរ ដោយសារ​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​មាន​បញ្ហា​ផលិត​កម្មវិធី និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​ផ្សាយ។ ហេតុនេះ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំង​អស់​អាច​ពន្យារ​ពេល​ការ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​កំហិត​វិញ។

គួរ​បញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​សម្រេច​ហាមឃាត់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​គ្រប់​ប្រភេទ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ចន្លោះ​ម៉ោង ៧ ដល់ ៩​យប់ ហើយ​ត្រូវ​តែ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ដើម្បី​ចូល​រួម​លើក​ស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ភាពយន្ត​ខ្មែរ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥៕

New

 

 

Related Articles

Back to top button
Close
Close