Update ៖ ជនជាតិអាមេរិកកាំងម្នាក់ធ្លាក់ពីលើសណ្ឋាគារសុខា ស្លាប់ដោយមិនដឹងមូលហេតុ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ តុលា ២០១៥) ៖ បុរសជនបរទេសម្នាក់បានធ្លាក់ពីលើសណ្ឋាគារសុខា (ជាន់លើគេបង្អស់) មកដល់ដីដោយមិនដឹងមូលហេតុ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិ១ ក្រុម៣ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ HARRIS CHAR LES FRE DERICK អាយុ66ឆ្នាំ ជាជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 505850099 បានចូលមកស្នាក់នៅក្នុងសណ្ឋានគារកាលពីថ្ងៃទី៣ នៅបន្ទប់លេខ៧២៨ ជាន់ទី៧។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានឡើងទៅជាន់ខាងលើគេបង្អស់ ហើយមិនដឹងមូលហេតុអ្វី បានជាជនរងគ្រោះធ្លាក់មកក្រោមស្លាប់តែម្តង។ សម្រាប់អ្នកយកព័ត៌មានជាច្រើននាក់ ក៏ មិនត្រូវបានសមត្ថកិច្ច និងអ្នកគ្រប់គ្រង សណ្ឋាគារឱ្យចូលទៅថតរូបភាព និងសួរពីដំណើររឿងនោះឡើយ ពោលស្ថិតនៅខាងក្រៅរបង សណ្ឋាគារតែប៉ុណ្ណោះ៕