សាងសង់ស្ពានអាកាស ៣និងផ្លូវក្រោមដីមួយទៀតដើម្បីសម្រួលចរាចរនៅក្បាលថ្នល់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កញ្ញា ២០១៥) ៖ សាលារាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសចំនួន៣និងផ្លូវក្រោមដីមួយទៀតដើម្បីសម្រួលចរាចរនៅស្ពានអាកាសក្បាលថ្នល់ ដើម្បីឲ្យមានលក្ខណៈកាន់តែប្រសើរជាងបច្ចុប្បន្ន។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំឆ្លងគម្រោងសាងសង់បន្ថែមស្ពានអាកាសនិងផ្លូវក្រោមដីក្បាលថ្នល់ ដើម្បីកែលំអដោះស្រាយបញ្ហាចរាចរ ១០០% ដូចស្ពានអាកាសស្ទឹងមានជ័យ។
អង្គប្រជុំបានពិភាក្សាលើជម្រើសចំនួន ២ ដូចខាងក្រោមនេះ៖
ជម្រើសទី១៖ សាងសង់ស្ពានអាកាសចំនួន ២ និងផ្លូវក្រោមដីចំនួន ២។
ជម្រើសទី២៖ សាងសង់ស្ពានអាកាសចំនួន ៣ និងផ្លូវក្រោមដីចំនួន ១។
ក្រោយពីការបកស្រាយដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន លើការសិក្សាគម្រោងលំអិតនេះ អង្គប្រជុំបានសម្រេចលើជម្រើសទី២ ដោយហេតុថាជម្រើសទី២ស្របតាមស្តង់ដារបច្ចេកទេសល្អប្រសើរជាងជម្រើសទី១ លើបញ្ហាជម្រាលនិងកម្ពស់ ៕