ការពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន បានឈានដល់មាត្រាទី១៥ ក្នុងជំពូកទី៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កញ្ញា ២០១៥) ៖ ក្រសួងព័ត៌មាន កំពុងពិភាក្សា និងកែសម្រួលលើខ្លឹមសារ ពាក្យពេចន៍មួយចំនួន សម្រាប់ដាក់បញ្ចូល ក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន នៅក្នុងជំពូកទី២ និងទី៣ ដើម្បីកែសម្រួលអត្ថន័យ និងបទបញ្ញត្ដិមួយចំនួន ឱ្យមានន័យគ្រប់គ្រាន់ មុននឹងដាក់ប្រជុំឆ្លងយោបល់ ជាមួយក្រសួង ភាគីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំផ្ទៃក្នុង របស់អនុគណៈកម្មការរៀបចំតាក់តែង សេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន បានដំណើរការពិភាក្សា ជាមួយភាគីពាក់ព័ន្ធ បានឈានដល់ជំពូកទី២ និងទី៣ ទាក់ទងនឹងការបង្កើត ការិយាល័យព័ត៌មាន នៅតាមស្ថាប័ននីមួយៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា នៅក្នុងសេចក្ដីព្រាងច្បាប់នេះ បានលើកឡើងថា គ្រប់ស្ថាប័នសាធារណៈ ត្រូវបង្កលក្ខណៈងាយស្រួល ព្រមទាំងបើកទូលាយ ក្នុងការផ្ដល់ព័ត៌មានគ្រប់ប្រភេទ ដល់សាធារណជន តាមការស្នើសុំដោយគ្មានការរើសអើង លើកលែងតែព័ត៌មានសម្ងាត់ ដែលស្ថិតនៅក្នុងបទបញ្ញត្ដិហាមឃាត់។
យោងតាមសេចក្ដីព្រាង ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នៅក្នុងជំពូកទី៣ មាត្រាទី១៣ ចែងថា មន្ដ្រីទទួលបន្ទុកព័ត៌មាន ត្រូវពិនិត្យសំណើសុំព័ត៌មាន ឱ្យបានឆាប់បំផុត ហើយត្រូវធ្វើការឆ្លើយតប ជាលាយលក្ខណ៍អក្សរ ទៅអ្នកស្នើសុំថា មាន ឬ គ្មានព័ត៌មាននោះ ឬជាប្រភេទព័ត៌មានសម្ងាត់ ដែលត្រូវបានហាមឃាត់ ការលាតត្រដាង ជាសាធារណៈ ដោយបញ្ញត្ដិច្បាប់។
ការឆ្លើយតបនេះ ត្រូវបានធ្វើឡើង ក្នុងរយៈពេល មិនឱ្យលើសពី ៥ ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណើសុំ។ ការឆ្លើយតបជាវិជ្ជមាន ទៅកាន់អ្នកស្នើ សុំ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ហើយត្រូវបញ្ជាក់ អំពីតម្លៃសេវា ដែលត្រូវចំណាយ សម្រាប់ទទួលបានព័ត៌មាន នៅក្នុងលិខិតនោះ៕ ប្រភព៖ AKP