ម្ដាយមីងអប្រិយលក់ក្មួយស្រីអាយុ ១៣ ឆ្នាំ ឲ្យបម្រើផ្លូវភេទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ សីហា ២០១៥) ៖ ដោយសារទឹកប្រាក់ ១៥០០$ ម្តាយមីងបង្កើត ២នាក់ ធ្វើការបង្ខាំងដោយដាក់ច្រវ៉ាក់ជើង
កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ខែសីហា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានចុះ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ នៅកន្លែងពីរផ្សេងគ្នា ក្នុងខណ្ឌឬស្សីកែវ និង ខណ្ឌជ្រោយចង្វា ពាក់ពន្ធករណីជួញដូរមនុស្ស ឲ្យបុរសម្នាក់សេពសន្ថវៈ។
កុមារីជនរងគ្រោះអាយុ ១៣ ឆ្នាំ ដែលត្រូវបានម្តាយមីងបង្កើត លក់បម្រើផ្លូវភេទ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យមន្រ្តីសង្គមកិច្ច ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាល ក្រោយពីមានការជួយសង្គ្រោះពីសមត្ថកិច្ច កាលពីថ្ងៃម្សិលមិញ។
តាមការឲ្យដឹងពីមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន លោក កែវ ធា ជនសង្ស័យឈ្មោះ ជាស្រស់ បានសារភាពថានាងបានទទួលប្រាក់ចំនួន១៥០០ដុល្លារពីឈ្មោះឈិនឆៃលី ជាថ្លៃលក់ព្រហ្មចារីក្មួយស្រី ហើយការដាក់ច្រវ៉ាក់នាងព្រោះមិនឲ្យនាងចេញពីផ្ទះទៅរាយការណ៍ក្នុងករណីនេះប្រាប់សមត្ថកិច្ច ។
លោក កែវ ធា បន្តថា មុននឹងឈានទៅដល់ការបង្ក្រាប និងចាប់ឃាត់ខ្លួនជនប្រុសស្រីទាំងពីរនាក់ខាងលើនេះ គឺកុមារីរងគ្រោះបានខំព្យាយាមស្រាយច្រវ៉ាក់នោះទាល់តែបាន ហើយមកដាក់ពាក្យបណ្តឹងនៅការិយាល័យ របស់លោកថា ខ្លូនគេត្រូវបានម្តាយមីងបង្កើតយកទៅលក់ឱ្យបុរសចំណាស់ម្នាក់រំលោភសេពសន្ថវៈ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់កំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីធ្វើការសាកសួរបន្ថែម និងឈានទៅរកចាប់ខ្លួនអ្នកសមគំនិតដើម្បីផ្តន្ទាទោសច្បាប់ជាបន្តទៀត៕