អគ្គិសនីកម្ពុជា បន្តពន្លឿនការតភ្ជាប់អគ្គិសនី៦១០រៀលនៅទូទាំងក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានតបណ្តាញអគ្គិសនីដែលមានតម្លៃអនុគ្រោះ៦១០រៀល សម្រាប់ការប្រើមិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ជូនដល់បងប្អូនកម្មករ-កម្មការិនី និងសិស្សនិស្សិតតាមផ្ទះជួល ក្នុងរាជធានីភ្នំពេញ បានចំនួន១០១.៣៩៣ បន្ទប់ហើយ គិតមកត្រឹមយប់ថ្ងៃទី២១ ខែមិថុនា។
នេះបើតាមការបញ្ជាក់ពីសំណាក់លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា នៅលើបណ្តាញផ្សព្វផ្សាយYoutube។
រយៈពេល១២១ថ្ងៃ សម្រាប់ការតបណ្តាញអគ្គិសនីដ៏មមារញឹកនេះ លោកកែវ រតនៈ ក្នុងនាមជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្តេជ្ញាថា នឹងពន្លឿនការតភ្ជាប់នេះ ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា នៅទូទាំងរាជធានីភ្នំពេញ។
ដើម្បីសម្រួលដល់បញ្ហាជីវភាពរបស់កម្មករ-កម្មការិនី សិស្ស និស្សិត សម្រាប់ការស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សា និងបំពេញការងារនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំដល់អគ្គិសនីកម្ពុជា រៀបចំតបណ្តាញអគ្គិសនីដែលមានតម្លៃអនុគ្រោះ ៦១០រៀល សម្រាប់ការប្រើមិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៕