ជនភៀសខ្លួនពីអូស្ត្រាលីបានមកដល់កម្ពុជាហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មិថុនា ២០១៥) ៖ ជនភៀសខ្លួនចំនួន ៤នាក់ ពីកោះណារ៉ូ នៃប្រទេសអូស្រ្តាលី បានធ្វើដំណើរមកដល់ទឹកដីកម្ពុជា តាមជើងហោះហើររបស់ម៉ាឡេស៊ីMH754 កាលពីវេលាម៉ោង ១០និង១០នាតី នាព្រឹកថ្ងៃទី០៤មិថុនានេះ។
ក្រោយមក ជនភៀសខ្លួនទាំង៤នាក់ ត្រូវបានអង្គការ IOM និងសមត្ថកិច្ចកម្ពុជាបញ្ជូនចេញពីព្រលានយន្តហោះ តែគេមិនដឹងថា យកទៅទីណានោះទេ។
IOM បានអះអាងថា ជនភៀសខ្លួន៤នាក់ ដែលបញ្ជូនពីកោះណារូ ប្រទេសអូស្រ្តាលី មកដល់កម្ពុជាព្រឹកមិញនេះ នឹងទទួលបានការឧបត្ថម្ភមួយចំនួន ដូចជាការស្នាក់នៅបណ្តោះអាសន្ន, ការបណ្តុះបណ្តាលភាសា វប្បធម៌ខ្មែរ និងការណែនាំពីសង្គមនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការបញ្ជូនជនភៀសខ្លួន ពីកោះណារូ ប្រទេស មករស់នៅកម្ពុជា ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានចុះអនុស្សរណៈ យោគយល់គ្នា ជាលក្ខណៈទ្វេភាគី ដែលផ្តល់ការគាំទ្រ និងអនុញ្ញាតឲ្យជនភៀសខ្លួន មកតាំងទីលំនៅ នៅក្នុងប្រទេសកម្ពុជា៕