ក្រុមហ៊ុនអេហ្សិតរក្សាជំហរក្នុងការអនុវត្តច្បាប់ហើយអនុវត្តតាមការសម្រេចពីស្ថាប័នពាក់ព័ន្ធរឿងបុរីពិភពថ្មី
សារព័ត៌មាន Cambodia News
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អេហ្សិត នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ក្រុមហ៊ុនខ្លួននឹងរក្សាជំហរក្នុងការអនុវត្តច្បាប់ និងអនុវត្តតាមការសម្រេចរបស់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូនចំពោះការសុំតភ្ជាប់ផ្លូវពីបុរីពិភពថ្មីកំបូលមកកាន់ផ្លូវជាលេខ៤ ដោយសារមានភាពមិនប្រក្រតីនៃការសាងសង់ផ្លូវរបស់បុរីពិភពថ្មី។
យោងតាមលិខិតមួយពីសាលារាជធានីដែលសារព័ត៌មាន Cambodia News ទទួលបាន បាននៅថ្ងៃនេះសរសេរថា តាមទិដ្ឋភាពផ្លូវច្បាប់ បុរីពិភពថ្មីកំបូលមានលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប៉ុន្តែថា នៅចំណុចទី១០នៃលិខិតអនុញ្ញាតនេះបានបញ្ជាក់ថា ក្រុមហ៊ុនបុរីពិភពថ្មី “ត្រូវស្នើសុំយោបល់ផ្នែកបច្ចេកទេសបន្ថែមពីក្រសួងសាធារណការនិងដឹកជញ្ជូន ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធលូទឹក និងការសុំតភ្ជាប់ផ្លូវចេញ-ចូលទៅផ្លូវជាតិលេខខ៤”។
ប៉ុន្តែកន្លងមក ក្រុមហ៊ុនបុរីពិភពថ្មីបានតភ្ជាប់ផ្លូវពីបុរីរបស់ខ្លូនមកផ្លូវជាតិលេខ៤ដោយគ្មានបទដ្ឋានបច្ចេកទេស ហើយក៏មិនបានស្នើសុំយោបល់ផ្នែកបច្ចេកទេសណាមួយពីក្រសួងសាធារណការនិងដឹកជញ្ជូនដែរពីរឿងការរៀបចំប្រព័ន្ធលូទឹក និងការសុំតភ្ជាប់ផ្លូវចេញ-ចូលទៅផ្លូវជាតិលេខ៤។
ដោយសារតែបញ្ហានេះ ទើបកាលពីព្រឹកថ្ងៃពុធមានការប្រឈមមុខដាក់គ្នារវាងក្រុមហ៊ុនបុរីពិភពថ្មី និងក្រុមហ៊ុន អេហ្សិត ដែលបានទទួលសិទ្ធិថែទាំផ្លូវជាតិលេខ៤ពីរាជរដ្ឋាភិបាល។ ក្រោយពីមានបញ្ហាចម្រូងចម្រាសនេះ ទើបនាំឲ្យមានការចាប់អារម្មណ៏ពីមនុស្សគ្រប់ស្រទាប់ថ្នាក់ ជាពិសេសស្ថាបន័ពាក់ពន្ធ័ ដែលមានសមត្ថកិច្ចគួរមានការយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ពន្ធ័នឹងការងារសាងសង់ ជាពិសេសច្បាប់ផ្លូវថ្នល់ ដែលបានចូលរួមចំណែកក្នុងការគ្រប់គ្រងអភិវឌ្ឍវិសយ័ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងធានាសុវត្ថិភាពចរចរណ៏ ដែលកំពុងជាបញ្ហាប្រឈមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
បើតាមលិខិតរបស់សាលារាជធានីបានបញ្ជាក់ថា បន្ទាប់ពីមានការប្រឈមនេះរួចមក ទើបលោក ង៉ែត ពិសិដ្ឋ តំណាងក្រុមហ៊ុនបុរីពិភពថ្មី “បានឯកភាពធ្វើសំណើសុំយោបល់ផ្នែកបច្ចេកទេសបន្ថែមពីក្រសួងសាធារណការ និងដឹកជញ្ជូនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធលូទឹក និងការសុំតភ្ជាប់ផ្លូវចេញ-ចូលទៅផ្លូវជាតិលេខខ៤”។
គូររម្លឹកថា អ្វីដែលប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៤ មានការព្រួយបារម្មណ៏នោះគឺ តំបន់នេះមានការកើនឡើងនូវចំនួនប្រជាជនរស់នៅច្រើនជាងការរំពឹងទុក មានទាំងសំណង់អាគារ បុរីលំនៅដ្ឋាន ផ្ទះល្វែង រោងចក្រ សហគ្រាសជាដើម ហើយពិសេសជាងនេះទៅទៀត បងប្អូនកម្មកររាប់សិបម៉ឺននាក់មកស្នាក់នៅក្បែរនឹងតំបន់រោងចក្រ។
បើតាមទិដ្ឋភាពជាក់ស្តែង ការចាក់ដីយ៉ាងគគ្រឹកគគ្រេងគ្រប់ទីកន្លែងក្នុងតំបន់បុរីពិភពថ្មី បានលុបប្រព័ន្ធប្រឡាយមេរំដោះទឹក និងការរៀបចំប្រព័ន្ធលូមិនបានត្រឹមត្រូវ និងការសាងសង់ពុំបានសមស្របតាមបទបញ្ញត្តិច្បាប់ ធ្វើឲ្យតំបន់នេះទទួលរងនូវការលិចលង់ខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋសម្តែងក្តីកង្វល់ខ្លាំង និងសូមសំណូមពរដល់ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជួយយកចិត្តទុកចំពោះបញ្ហានេះឲ្យមែនទែន បើបណ្តែតបណ្តោយយ៉ាងដូច្នេះតទៅទៀតនោះ នឹងកាន់តែលិចលង់ខ្លាំង ជាងនេះ ដោះស្រាយលែងបាន៕