អ្នកកាសែតខ្មែរចេញផ្សាយសៀវភៅបង្ហាញពីអំណាចជុំវិញរាជបល្ល័ង្កនៃព្រះមហាក្សក្សត្រខ្មែរសែ អង្គឌួង នរោត្តម និង ស៊ីសុវត្ថិ
សារព័ត៌មាន Cambodia News /
ភ្នំពេញ (១៨ ឧសភា ២០១៥)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង២០ឆ្នាំនិងជាអ្នកចងក្រងសៀវភៅប្រវត្តិសាស្រ្តកម្ពុជានៅថ្ងៃចន្ទនេះ បានចេញផ្សាយសៀវភៅមួយក្បាលមានចំណងជើងថា “អំណាច និងរាជបល្ល័ង្កនៃមហាក្សក្សត្រខ្មែរសែ អង្គឌួង នរោត្តម និងស៊ីសុវត្ថិ” ដែលជាសៀវភៅប្រវត្តិសាស្រ្តទាក់ទិននឹងរាជវង្សខ្មែរមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជជាណាចក្រកម្ពុជា។ [ អានបន្ត ]
សៀវភៅដែលមានកម្រាស់ជាង៤០០ទំព័រត្រូវបានសម្រិតសម្រាំងដោយអ្នកសារព័ត៌មានរូបនេះ ដែលរៀបរាប់ពីអំណាចនៅជុំវិញព្រះរាជបល្ល័ង្កចាប់តាំងពីព្រះបាទ អង្គឌួង ដែលទ្រង់បានឡើងគ្រងរាជ្យនាឆ្នាំ១៨៤២ និងព្រឹត្តិការណ៍ចាច្រើនទៀតនៅមុនរជ្ជកាលរបស់ព្រះអង្គរហូតដល់រជ្ជកាលនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការសម្ពោធសៀវភៅនៅឯការិយាល័យក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល បានលើកឡើងថា ការចងក្រងសៀវភៅនេះឡើងគឺលោកចង់បង្ហាញមិត្តអ្នកអានរបស់លោកថា អំពីការចាប់ផ្តើមនៃការឡើងគ្រងរាជ្យបល័្លង្ក និងមូលហេតុនៃការបាត់បង់ព្រះរាជ្យសង្ខាររបស់ក្សត្សអង្គនីមួយៗ ព្រមទាំងព្រឹត្តិការណ៍ដែលបានកើតមានឡើងទាំងវិជ្ជមាននិងអវិជ្ជមាននៅក្នុងរជ្ជការនីមួយៗ។
លោកបានបន្តថា កន្លងមក ដោយសារតែអំណាចព្រះរាជបល្ល័ង្ក និងរាជសម្បត្តិផ្តាច់មុខ ដោយរួមទាំងការជ្រៀតជ្រែកនិងការប៉ុនប៉ងដណ្តើមយកទឹកដីខ្មែរពីសំណាក់ពួកស្យាម [សៀម] និងអណ្ណាម [យួន ឬវៀតណាម] ផងនាអតីតកាល ប្រទេសកម្ពុជាបានកើតកលិយុគ ហើយព្រះញាតិវង្សានុវង្សខ្លះដែលជាគូបដិបក្ខនឹងគ្នាបានទៅពឹងស្តេចស្យាម និងស្តេចអណ្ណាមឲ្យជួយរៀងៗខ្លួនវាយប្រហារគ្នាឥតឈប់ឈរ ហើយទីបំផុត ទឹកដីដ៏មហាសាលគ្របដណ្តប់ទ្វីបអាស៊ីត្រូវបានរួញតូច ឯប្រទេសនិងប្រជារាស្រ្តបានធ្លាក់ខ្លួនតោកយ៉ាក និងត្រូវបានគេប្រមាថ។
ជាងនេះទៅទៀត ដោយសារតែសង្រ្គាមរ៉ាំរ៉ៃកន្លងមក ខ្មែរបានលាបពណ៌ឲ្យគ្នា ហែកហួរនិងកាប់សម្លាប់គ្នា ដោយចោទគ្នាទៅវិញទៅមកថា ជាអាយ៉ងប្រទេសនេះ ឬខ្ញុំកញ្ជះប្រទេសនោះ ដែលធ្វើឲ្យខ្មែរស្អប់ខ្ពើមនិងសងសឹកគ្នាមិនចេះចប់។
លោក សុផល បានអត្ថាធិប្បាយដោយធ្វើការកត់សំគាល់នៅក្នុងប្រវត្តិសាស្រ្តខ្មែរកន្លងមកថា “ឲ្យតែនរណាមានកំហុសបន្តិច គឺចាប់ទោសអួសដំណើរ ដោយមិនព្រមជួយអូសទាញ និងកែលម្អគ្នាឡើយ តែបែរជាខំជាន់ពន្លិច ខណៈដែលអ្នកប្រព្រឹត្តខុសខ្លះក៏រឹងក្បាល មិនព្រមទទួលយកកំហុស និងការកែលម្អពីអ្នកដទៃ ដែលនាំឲ្យមានការមិនចុះសម្រុងគ្នា ឈានដល់ការបែកបាក់បង្ករជម្លោះប្រដាប់អាវុធបង្ហូរឈាមគ្នា ជាឱកាសដ៏ល្អសម្រាប់បរទេសបានចំណេញទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច”។
“ដូច្នេះ យើងត្រូវចាប់ផ្តើមជាថ្មីក្នុងការចេះរស់នៅជាមហាគ្រួសារខ្មែរតែមួយ ចេះរៀនរស់នៅជាមួយប្រទេសជិតខាងនិងសហគមន៍ក្នុងតំបន់ឲ្យបានល្អ ដោយដោះស្រាយរាល់បញ្ហាតាមការទូត ហើយបើការទូតមិនបានសម្រេចទេ យើងអាចបន្តទៅអង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិជាដើម។ មានតែកម្លាំងសរុបនិងសំឡេងតែមួយទេដែលអាចធ្វើឲ្យយើងទទួលបានជោគជ័យ ទោះតិចឬច្រើន”។
លោក សុផល បានបង្ហើបឲ្យដឹងថា សម្រាប់សៀវភៅនេះ លោកបានផ្អែកលើឯកសារពិគ្រោះមានចំនួន៩២ប្រភេទដែលក្នុងនោះមានប្រភពសៀវភៅចំនួន៤៤ ក្បាល ប្រភពសារព័ត៌មានផ្នែកបោះពុម្ពមានចំនួន៩ប្រភេទ គេហទំព័រចំនួន៤៣ប្រភេទ និងប្រភពមនុស្សដែលលោកបានជួបសមាជិកញាតិវង្សានុវង្ស និងមន្រ្តីពាក់ព័ន្ធជាច្រើនអង្គ/រូប។
លោកបន្តថា លោកក៏បានធ្វើដំណើរស្រាវជ្រាវជាច្រើនកន្លែងដូចជា ខេត្តសមុទ្រប្រាកាន ខេត្តប្រាជីនបូរី និងរាជធានីបាងកក ប្រទេសថៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទីក្រុងយាំងហ្គូន ប្រទេសភូមា ប្រទេសសិង្ហបូរី កំពូលភ្នំឧដុង្គក្នុងខេត្តកណ្តាល ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកកំពង់ត្រាច និងកំពូលភ្នំបូកគោខេត្តកំពត ប្រាសាទព្រះវិហារ រាជដំណាក់ខេត្តសៀមរាប រាជដំណាក់នៅខេត្តបាត់ដំបង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ព្រះបរមរាជវាំង សារមន្ទីរជាតិ ការិយាល័យអង្គការយូនីស្កូប្រចាំកម្ពុជា បណ្ណាល័យជាតិ បណ្ណសារដ្ឋានជាតិកម្ពុជា បណ្ណាល័យព្រឹទ្ធសភា បណ្ណាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា បណ្ណាល័យ DMC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការិយាល័យក្លឹបអ្នកកាសែតកម្ពុជា ទីស្នាក់ការមូលនិធិ Kondrad Adenauer Stiftung នៃប្រទេសអាល្លឺម៉ង់ប្រចាំរាជធានីភ្នំពេញ និងក្រសួងព័ត៌មាន។
លោកថា គួររម្លឹកថា កាលពីឆ្នាំ២០១៤ លោក ឆាយ សុផល បានចេញសៀវភៅមួយក្បាលដែលមានចំណងជើងថា “នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូបជានរណា?” ហើយសៀវភៅនេះមានប្រជាប្រិយបំផុតនៅក្នុងចំណោមមិត្តអ្នកអាន។ លោក ឆាយ សុផល បច្ចុប្បន្នជានាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកសារព័ត៌មាន Cambodia News៕