អាស៊ាននឹងជ្រើសរើសពលរដ្ឋកម្ពុជា១រូបឲ្យទទួលរង្វាន់ ក្នុងកម្មវិធី រង្វាន់ប្រជាជនអាស៊ាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ ឧសភា ២០១៥) ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាននឹងជ្រើសរើសពលរដ្ឋកម្ពុជា១រូប ដើម្បីទទួលរង្វាន់ជាទឹកប្រាក់ចំនួន១០,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងកម្មវិធីរង្វាន់ប្រជាជន អាស៊ាន(Asean People’s Award) នាឱកាលកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ។ [ អានបន្ត ]
សេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា បានឲ្យដឹង ថា បេក្ខជន-បេក្ខនារី ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើនេះ ត្រូមានលក្ខណៈសម្បត្ដិដូចជាៈ សម្រេចបាននូវសន្ដិភាព ស្ថេរភាព វិបុលភាព សាមគ្គីភាព អត្ដសញ្ញាណវប្បធម៌រឹងមាំ ការអភិវឌ្ឍន៍សហគមន៍ ការយល់ដឹងពីវប្បធម៌នានា កាត់បន្ថយគម្លាតអភិវឌ្ឍន៍ លើកកម្ពសល់ និងការពារសិទ្ធិមនុស្ស ឬការលើកកម្ពស់ការតភ្ជាប់។
ជាមួយគ្នានេះបេក្ខជន-បេក្ខនារី ត្រូវសរសេរអត្ថបទសង្ខេបពី៣ ទៅ៥ទំព័រ រៀបរាប់ពីប្រវត្ដិរូបផ្ទាល់ខ្លួន ស្នាដៃ វិភាគទានរបស់ខ្លួន ដែលសម្រេចបានក្នុងការកសាងសហគមន៍អាស៊ាន ព្រមទាំងកម្មវធីសហគមន៍របស់ខ្លួន នាពេលអនាគត។ ម្យ៉ាងទៀត នៅពេលទទួលជ័យលាភី ត្រូវយល់ព្រមបង្ហាញពីការងារ សមិទ្ធផលរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីប្រកាសទទួលរង្វាន់។
សម្រាប់សហគមន៍នយោបាយ-សន្ដិសុខអាស៊ានបេក្ខជន-បេក្ខនារី ត្រូវបញ្ជូនអត្ថបទសង្ខេបរបស់ខ្លួន មកកាន់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០១៥៕