ឪពុកម្តាយថោងសារ៉ាត់ ត្រូវតុលាការសម្រេចដាក់ពន្ធនាគារព្រៃ.សជាថ្មី
សារព័ត៌មាន Cambodia News /
ភ្នំពេញ( ១៧ កុម្ភៈ ២០១៥) ៖ ឪពុកម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទក្នុងរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនដាក់ពន្ធនាគារព្រៃ.ស ជាថ្មីទៀត កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។ ការសម្រេចដាក់ពន្ធនាគារព្រៃ.ស ជាថ្មីទៀតនេះ បានធ្វើឡើង បន្ទាប់ពីមានការសាកសួរ ពីចៅក្រម។
កំលាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនលោក ថោង ចំរើន និងលោក ស្រី កែវ សារី ដែលត្រូវជាឪពុកម្ដាយរបស់លោកឧកញាថោង សារាត់ ខណៈពេលអ្នកទាំងពីរ ជិះឡានពេទ្យបំរុងនឹងធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ហេតុការណ៏ឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោងជិត ១០យប់ ថ្ងៃទី១៥ ខែកុម្ភៈ ២០១៥ នៅចំណុងស្ពាន ស្ទឹងស្លូត ស្ថិតនៅក្នុងភូមិស្ទឹងស្លូត ស្រុកពាមរ ខេត្តព្រៃវែង។
ឪពុកម្តាយលោកថោងសារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ ត្រូវបានចោទប្រកាន់ពីបទលាក់ទុកអាវុធខុស ច្បាប់ ហើយត្រូវបានចៅក្រមតុលាការរាជធានីភ្នំពេញ ចាប់ខ្លួន ក្រោយពីហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៤។
រហូតដល់ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ឪពុកម្តាយលោកថោងសារ៉ាត់ ត្រូវបានដោះលែងឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន ដោយតុលាការ សំអាងលើបញ្ហាសុខភាព៕