ក្រសួងពាណិជ្ជកម្ម ស្នើសុំឲ្យអាមេរិក កាត់បន្ថយអត្រាពន្ធ នាំចូលលើផលិតផលកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០១៥) ៖ យោងតាមការផ្សព្វផ្សាយពីទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារក្រសួងពាណិជ្ជកម្ម ជាមួយ លោក Kurt Tong ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យលោកឧបការីរង ជួយកាត់បន្ថយអត្រាពន្ធ នាំចូលលើផលិតផលកម្ពុជា ទៅសហរដ្ឋអាមេរិក ជាពិសេសសម្រាប់វិស័យសម្លៀកបំពាក់កាត់ដេរ។
ហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានសរសេរទៀតថា ជំនួបពិភាក្សានេះ មានគោលបំណងពិភាក្សា អំពីរបៀប ដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន ជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា របៀបបន្តតាក់តែងសន្ធិសញ្ញាវិនិយោគទ្វេភាគីឲ្យបានចប់សព្វគ្រប់ រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងរបៀបជំរុញចំណងទាក់ទងពាណិជ្ជកម្មបន្ថែមទៀត រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា បណ្តារដ្ឋ ដែលជាសមាជិកអាស៊ាន ចាំបាច់ត្រូវតែខិតខំធ្វើការងារឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងការសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ដោយគ្មានភាពយឺតយ៉ាវ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យលោក Kurt Tong ជួយកាត់បន្ថយអត្រាពន្ធនាំចូលលើផលិតផលកម្ពុជា ជាពិសេសសម្រាប់វិស័យសម្លៀកបំពាក់កាត់ដេរ ការធ្វើដូច្នេះ មិនត្រឹមតែជួយដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញដល់ចំណងទាក់ទងពាណិជ្ជកម្មយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរផងដែរ៕