​​នាយក​​រដ្ឋមន្ត្រី បញ្ជា​​ឲ្យ​បញ្ចុះ​​តម្លៃ​​ប្រេង​​សាំង​​បន្ថែម​ទៀត​​ ព្រោះ​ទី​ផ្សារ​អន្តរ​ជាតិ ​ធ្លាក់​ថ្លៃ​ច្រើន​ហើយ

សារព័ត៌មាន​​​ Cambodia News​/

ភ្នំ​ពេញ (១៨ ធ្នូរ ២០១៤) ៖ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ជិត​វិមានឯករាជ្យ  លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ បន្ត​ធ្លាក់ចុះ នៅពេលនេះ ដូច្នេះ​ក្នុង​ស្រុក​ក៏​ត្រូវ​តែ​ធ្លាក់​ថ្លៃ​ដែរ​។ លោក ហ៊ុន​សែន ក៏​បាន​ងាក​មក​ក្រោយ ហើយ​បញ្ជា​ឲ្យ​លោកឧបនាយករដ្ឋមន្ត្រី​ គាត ឈ​ន់ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យ​​លើ​ការបញ្ចុះ​តម្លៃ​ប្រេង​បន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា​។​

​​នាយក​រដ្ឋមន្ត្រី  ក៏​បាន​ថ្លែង​ការពារ​ក្រុមហ៊ុន​លក់​ប្រេង​ក្នុងប្រទេស​កម្ពុជា ដែល​មិន​បាន​​បញ្ចុះ​តម្លៃ​ប្រេង ឲ្យបាន​លឿន នៅពេល​ដែល​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់​ថ្លៃ​។ តាម លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​​ មក​ពី​ក្រុមហ៊ុន​លក់​ប្រេង​នៅ​កម្ពុជា បាន​ទិញ​ប្រេង​ស្តុក​ទុក​ជា​ច្រើន​ខែ ពោល​គឺ​ទិញ​ពេល​ប្រេង​នៅ​ថ្លៃ ដូច្នេះ​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​លក់​ចេញ​វិញ ក្នុង​តម្លៃ​ថ្លៃ មិន​អាច​ចុះ​ឲ្យបាន​លឿន​ដូច​ទីផ្សារ​អន្តរ​ជាតិ​នោះទេ​។​

​យ៉ាងណាក៏ដោយ ​លោក ហ៊ុន​សែន បាន​គូសបញ្ជាក់ថា ប្រេង​ក្នុងស្រុក​ចុះថ្លៃ​យឺត គឺ​ចុះ​យឺត ប្រសើរ​ជាង​មិន​ចុះ​។ លោក ហ៊ុន​សែន ក៏​បាន​បន្ថែមថា កន្លងមក ក្រុមហ៊ុន​លក់​ប្រេង ចំនួន ៣ ស្រួល​និយាយ​គ្នា តែ​ក្រុមហ៊ុន​ប្រេង ២ នៅ​ក្រៅ​ស្រុក ( Total និង Caltex ) ពិបាក​និយាយ​គ្នា ដោយសារ​គេ​ថា ត្រូវ​សុំ​យោបល់​មេ នៅ​ក្រៅ​ស្រុក គឺ​ក្រុមហ៊ុន​១ នៅ​បារាំង និង​១​ទៀត នៅ​អាមេរិក​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ពី​ការបញ្ចុះ​តម្លៃ​ប្រេងសាំង នៅក្រោម ៥០០០ រៀល ក្នុង​មួយ​លីត្រ នៅ​តាម​ស្ថានីយ​របស់​ក្រុមហ៊ុន​លក់​ប្រេង​សាំង​ក្នុងស្រុក រួមមាន ក្រុមហ៊ុន​ប្រេងសាំង សូគីម៉ិច ក្រុមហ៊ុន​តេលា និង​ក្រុមហ៊ុន សា​វី​មិច​៕

12

 

 

Related Articles

Back to top button
Close
Close