មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែងតាំងដោយព្រះរាជក្រឹត្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ វិច្ចិកា ២០១៤) ៖ គណៈកម្មការកែទម្រង់នៃស្ថាប័នបោះឆ្នោត (គ.ជ.ប) បានសម្រេចជាគោលការណ៍ នៃការកំណត់តែងតាំងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយព្រះរាជក្រឹត្យ ហើយបញ្ចប់ក្របខណ្ឌកិច្ចសន្យាដែលធ្លាប់អនុវត្តកន្លងមក។ ការឈានទៅដល់កិច្ចព្រមព្រៀងដូចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក ប៊ិន ឈិន ប្រធានដឹកនាំគណៈកម្មការកែទម្រង់នៃគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ករណីចម្រូងចម្រាសលើកំណត់ក្របខណ្ឌមន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលពីមុនជាបុគ្គលិកកិច្ចសន្យា គឺពេលនេះបានឯកភាពគ្នាជាគោលការណ៍ គឺទាំងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។ លោកបញ្ជាក់ថា នេះគឺជាចំណុចឯកភាពគ្នាមួយ ក្នុងចំណោមចំណុចខ្វែងគ្នាដែលមិនទាន់ឈានដល់កិច្ចព្រមព្រៀង។
បើតាមលោក គួយ ប៊ុនរឿន ប្រធានដឹកនាំគណៈកម្មការកែទម្រង់នៃគណបក្សសង្គ្រោះជាតិ ចំណុចដែលមិនទាន់ដោះស្រាយបាន គឺករណីកំណត់សញ្ជាតិថ្នាក់ដឹកនាំ គ.ជ.ប ពីថ្នាក់លើ និងថ្នាក់អគ្គលេខាធិការ និងអគ្គលេខាធិការរង។ លោកបញ្ជាក់ថា ចំណុចនេះ គឺបញ្ហាសំខាន់ដែលត្រូវបន្តកិច្ចពិភាក្សា នៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះទៀត។
គួរកត់សម្គាល់ថា ក្នុងចំណោមឥស្សរជនដែលត្រូវចូលទៅកាន់តំណែង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង៩រូបគឺមាន លោកស្រី ពុង ឈីវកេក មួយរូបផងដែរ ដែលមានសញ្ជាតិខ្មែរផង និងសញ្ជាតិបារាំង។
តែសូមរំឭកថា ចំពោះបេក្ខភាពលោកស្រី ពុង ឈីវកេក ភាគីទាំងពីរនៃគណបក្សជាប់ឆ្នោតបានឯកភាពគ្នារួចហើយថា ទទួលយកលោកស្រីជាបេក្ខជនទី៩ នៃស្ថាប័ន គ.ជ.ប ដោយមានលាយលក្ខណ៍អក្សរផ្លូវការទៀតផង៕