អ្នកនិពន្ធសៀវភៅ “នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូបជានរណា?” ជួយកុមារៗដែលចង់បោះបង់ចោលការសិក្សានៅអនុវិទ្យាល័យក្នុងភូមិមួយ
សារព័ត៌មាន Cambodia News/
ស្រុកសាគ្គីមានជ័យ៖ លោក ឆាយ សផុល អ្នកនិពន្ធសៀវភៅ “នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូបជានរណា?” នៅសប្តាហ៍នេះ បានជួយទប់ស្កាត់មិនឲ្យកុមារបីនាក់ពីការបោះបង់ចោលការសិក្សានៅថ្នាក់អនុវិទ្យាល័យ។
លោក ឆាយ សុផល បាននិយាយថា លោកមានអារម្មណ៍ស្រណោះកុមារទាំងនាក់នោះ ព្រោះឪពុកម្តាយរបស់គេបានឲ្យពួកគេឈប់រៀននៅសាលាអនុវិទ្យាល័យដោយសារតែសាលាមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីផ្ទះ ហើយពួកគេគ្មានអីជិះ។
លោកបញ្ជាក់ បើកុមារទាំងបីនាក់នោះនិងកុមារឯទៀតៗពិតជាបោះបង់ចោលសាលាមែន លោកពិតជាសោកស្តាយ ហើយវាជារឿងមួយដ៏អាក្រក់បំផុតសម្រាប់កុមារ និងគ្រួសាររបស់គេ ព្រមទាំងសង្គមទាំងមូលផងដែរ។
លោក សួស សារ៉េម ប្រធានភូមិច្រកកូវ ដែលមានចម្ងាយប្រមាណជិត៤០គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ក្នុងឃុំពាមរបស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាននិយាថា នៅក្នុងភូមិរបស់លោកអាចមានកុមារមួយចំនួនបោះបង់ចោលថ្នាក់អនុវិទ្យាល័យ ដោយសារតែពួកគេគ្មានកង់ជិះទៅសាលាដែលនៅឆ្ងាយពីផ្ទះ។
លោកបានបញ្ជាក់ថា លោកបានបញ្ជាក់ថា នៅក្នុងភូមិមានតែសាលាបឋមសិក្សា ហើយផ្ទះរបស់សិស្សខ្លះមានចម្ងាយពីរបីគីឡូម៉ែត្រពីសាលា ដែលពួកគេអាចដើរបាន តែនៅចុងខែតុលានេះ សិស្សមួយចំនួនបានចប់ថ្នាក់បឋម ហើយត្រូវបន្តទៅអនុវិទ្យាល័យច្រកស្តេច។ លោកបានសម្តែងការព្រួយបារម្មណ៍ពីបញ្ហានេះ ដោយសារតែភូមិរបស់លោកមានគ្រួសារក្រីក្រច្រើន។
ក្នុងទឹកមុខស្រងូតស្រងាត់ សំប៉ាវ កុមារាមានវ័យ១៣ឆ្នាំ បាននិយាយមួយៗថា “ខ្ញុំមិនអាចមានឱកាសបានទៅរៀនទៀតទេនៅឆ្នាំនេះ ព្រោះពុកម៉ែឲ្យខ្ញុំឈប់ដោយសារអត់អីជិះ”។
លោក ជៀម វេង ឪពុករបស់ សំប៉ាវ និងកូន៣នាក់ទៀតបាននិយាយក្នុងទឹកមុខស្មើថា “ខ្ញុំក៏អាណិតកូនដែរ តែមិនដឹងធ្វើម៉េច បើខ្ញុំក្រគ្មានលុយទិញកង់ឲ្យវាជិះទៅរៀន។ ដូចនេះមានតែឲ្យវាឈប់រៀនទៅ”។
កុមារី ស្រី រ៉ា អាយុ ១២ ឆ្នាំ បាននិយាយថា កាលរៀនថ្នាក់បឋមសិក្សាក្នុងភូមិ នងាអាចដើរបាន តែនៅចុងខែតុលានេះ នាងត្រូវបន្តទៅរៀននៅឯអនុវទ្យាល័យច្រកស្តេចដូច សំប៉ាវ ដែរ ដែលជាបញ្ហាដ៏ធំអត់មានអីជិះ។ ស្រី រ៉ា បញ្ជាក់ថា ក្នុងចំណោមបងប្អូន៧នាក់គឺគ្មានកង់មួយគ្រឿងជិះឡើយ។
ចំណែកឯកុមារីម្នាក់ទៀតគឺនាង ឆែម មុំ អាយុ១៤ឆ្នាំ បានចាប់ផ្តើមរៀននៅអនុវទ្យាល័យច្រកស្តេចកាលពីឆ្នាំមុន តែនាងគ្មានកង់ជិះឡើយ ដោយនាងបានជិះដោយសារគេឯង តែបើគេមិនទៅរៀន នាងក៏អត់បានទៅដែរ ដែលនាំឲ្យប៉ះពាល់ដល់សិក្សា។ ឆែម មុំ ជាកូនស្រ្តីមេម៉ាយក្រីក្រនៅក្នុងភូមិហើយមានបងប្អូន៤នាក់ ដែលគ្មានកង់សូម្បីតែមួយគ្រឿង។
ដោយទទួលដំណឹងបែបនេះ លោក ឆាយ សផុល អ្នកនិពន្ធសៀវភៅ “នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូបជានរណា?” បានយកប្រាក់បន្តិចបន្តួចពីការលក់សៀវភៅទៅទិញកង់ជូនកុមារទាំងបីនាក់បានម្នាក់មួយគ្រឿង សៀវភៅនិងប៊ិចម្នាក់មួយឡូ និងប្រាក់បន្តិចបន្តួច។
លោក ឆាយ សផុល បាននិយាយថា លោកមិនមែនជាអ្នកមានទេ តែនេះជាការជួយអ្នកដែលត្រូវការបំផុត ហើយលោកមិនចង់ឲ្យកុមារឈប់រៀននោះឡើយ។ លោក សុផល បានរំលឹករឿងអតីតកាលរបស់លោកថា នៅឆ្នាំ ១៩៨០ លោកធ្លាប់បានដើរទៅរៀនពីត្រាំកក់ទៅអង្គតាសោមក្នុងចម្ងាយ១៩គីឡូម៉ែត្រ ដោយលោកងើបតាំងពីមាន់រងាវទាបភ្លឺ គឺមួយថ្ងៃលោកដើរជិត៤០គីឡូម៉ែត្រទាំងទៅទាំងមក។
លោក សុផល បន្តថា លោកនឹងយកប្រាក់ខ្លះទៀតពីការលក់សៀវភៅទៅទិញកង់ឲ្យកុមារផ្សេងៗទៀត នៅក្នុងភូមិដទៃនៅថ្ងៃខាងមុខនេះ ហើយលោកបានអំពាវនាវឲ្យសប្បុរសជនជួយដល់កុមាររបស់យើងឲ្យបាន រៀនសូត្រគ្រប់ៗរូប ប់មិនដូច្នោះទេ សង្គមរបស់យើងនឹងជួបបញ្ហា៕ សុវណ្ណនាថ