ក្រសួងព័ត៌មាន មិនឲ្យវិទ្យុ-ទូរទស្សន៍ ផ្សាយគ្រឿងស្រវឹង ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨យប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ តុលា ២០១៤) ៖ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១ ខែតុលានេះ បានចេញសារាចរណែនាំមួយ ដាក់លក្ខណ្ឌ និងវិធានការ ហាមឃាត់ លើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងប្រទេស មានអាហ្វីស ប៉ាណូ កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍។
នៅក្នុងសារាចរ ដែលចុះហត្ថលេខា ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី ១តុលា បានបង្ហាញការដាក់សម្ពាធចំនួន ៤ ចំនុច ដល់ប្រព័ន្ធព្សព្វផ្សាយមានស្ថានីទូរទស្សន៍ ទូរទ ស្ស ន៍ខ្សែកាប និងវិទ្យុ FM ជាដើម។
៤ចំនុចដែលក្រសួងបានហាមនោះ រួមមាន ទី១ ចាប់ពីថ្ងៃចេញសារាចរនេះ តទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ នៅរៀងរាល់ម៉ោង ៦ ដល់ម៉ោង ៨ យប់ រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺតម្រូវឲ្យផ្សាយតែ Logo ផលិត និងអក្សរជាឈ្មោះផលិតផលតែប៉ុណ្ណោះ ឬអានឈ្មោះផលិតផល ហើយស្ពតពាណិជ្ជកម្មត្រូវហាមឃាត់។
ទី ២ ចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ២០១៥ តទៅ នៅរៀងរាល់ម៉ោង ៦ ដល់ម៉ោង ៨ យប់ក្រសួងព័ត៌មាន ពុំអនុញ្ញាតឲ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទោះជាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនោះ ភ្ជាប់ជាមួយកម្មវិធីព័ត៌មាន ការប្រគុំតន្ត្រី ការប្រកួតកីឡា ការកំសាន្ត បទចម្រៀង karaoke ដែលឧបត្ថម្ភដោយក្រុមហ៊ុនផលិត ឬចែកចាយគ្រឿងស្រវឹងក៏ដោយ។
ទី ៣ បណ្តាក្រុមហ៊ុនផលិត ឬចែកចាយគ្រឿងស្រវឹងទាំងអស់ ចាប់ពីពេលនេះតទៅ ក្នុងការផលិតស្ពតពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់មើលខ្លឹមសារ រូបភាព ដើម្បីបញ្ជៀសការប៉ះពាល់អវិជ្ជមានទាំងឡាយ ដូចខាងលើ គិតគូរដល់សុវត្ថិភាពសង្គម និងប្រយោជន៍ដល់ប្រជាពលរដ្ឋ។ និងទី ៤ គ្រប់ប្រព័ន្ធឃោសនាទាំងអស់ ចាប់ពីពេលនេះតទៅ ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
គួរបញ្ជាក់ថា ផងដែរថាសារាចរ ស្តីពី ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានលើកឡើងថា បច្ចុប្បន្ននេះ ផលប៉ះពាល់អវិជ្ជមានជាច្រើន ដែលទាក់ទងដល់បញ្ហាសុខភាព ការបង្ករបួសស្នាម គ្រោះថ្នាក់ចរាចរអំពើហិង្សាក្នុងគ្រួសារភាពក្រីក្រគឺមួយចំណែកបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង៕