ទស្សនកិច្ចផ្លូវការលើកទីមួយរបស់ប្រធានាធិបតីបារំាងនៅប្រទេសម៉ារ៉ុក
នៅថ្ងៃពុធ ទី៣ មេសានេះ លោកប្រធានាធិបតីបារំាង François Hollande ផ្តើមទស្សនកិច្ចផ្លូវរដ្ឋលើកទីមួយរយៈពេល ២ថ្ងៃនៅក្នុងប្រទេសម៉ារ៉ុក។ លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Casablanca និង Rabat ដើម្បីជួបសន្ទនាជាមួយព្រះមហាក្សត្រ Mohammed VI និងលោកនាយករដ្ឋមន្រ្តី Abdelilah Benkirane។ ជាផ្លូវការ ទស្សនកិច្ចរបស់លោកប្រមុខរដ្ឋបារំាងផ្តោតសំខាន់លើផ្នែកនយោបាយ។ តែនេះមិនមានន័យថា សំណុំរឿងសេដ្ឋកិច្ចនឹងត្រូវបំភ្លេចចោលនោះទេ ព្រោះថា បារំាងគឺជាប្រទេសដៃគូពាណិជ្ជកម្មទីមួយរបស់ព្រះរាជាណា ចក្រម៉ារ៉ុក។
នៅក្នុងប្រទេសម៉ារ៉ុក ក៏ដូចជានៅក្នុងប្រទេសបារំាង រដ្ឋាភិបាលបានក្រើនរម្លឹកពីទំនាក់ទំនងល្អដែលប្រទេសទំាងពីរធ្លាប់ មាន និងបានរក្សារហូតមកទល់សព្វថ្ងៃ។ ជាក់ស្តែង ព្រះមហាក្សត្រ Mohammed VI គឺជាប្រមុខរដ្ឋម៉ារ៉ុកទីមួយដែលត្រូវបានលោកប្រធានាធិបតីបារំាង François Hollande ទទួលជួបមុនគេនៅវិមាន Elysée កាលពីថ្ងៃទី២៤ ឧសភា ឆ្នំា ២០១២ ពោលមួយសប្តាហ៍ក្រោយពីលោក Hollande បានចូលកាន់តំណែងប្រធានាធិបតីបារំាងជាផ្លូវការ។
ដំណើរទៅកាន់ប្រទេសម៉ារ៉ុករយៈពេល ២ថ្ងៃរបស់លោក François Hollande ត្រូវបានគេមើលឃើញថា ផ្តោតសំខាន់លើផ្នែកនយោបាយ។ នៅថ្ងៃព្រហស្បតិ៍ស្អែក លោកប្រធានាធិបតីបារំាងនឹងថ្លែងសុន្ទរកថានៅពីមុខសមាជិកសភា ម៉ារ៉ុក។ នៅក្នុងសុន្ទរកថានោះ លោក François Hollande នឹងលើកយកទៅនិយាយនូវសំណុំរឿងអន្តរជាតិសំខាន់ៗមួយចំនួន រួមមាន វិបត្តិនៅស៊ីរី ដំណើរស្វែងរកសន្តិភាពនៅដើមបូព៌ា និងអន្តរាគមន៍របស់ទាហានបារំាងនៅក្នុងប្រទេសម៉ាលី។ អន្តរាគមន៍របស់ទាហានបារំាងនៅក្នុងប្រទេសម៉ាលីដែលត្រូវបានប្រទេស ម៉ារ៉ុកគំាទ្រពេញទំហឹង រហូតដល់ធ្វើឲ្យព្រះមហាក្សត្រម៉ារ៉ុក Mohammed VI ចេញព្រះភ័ក្តការពារនៅក្នុងជំនួបកំពូលនៃក្រុមប្រទេសអ៊ីស្លាមកាលពី ថ្ងៃទី ៦ កុម្ភៈកន្លងទៅ។
ក្រៅពីរឿងនយោបាយ សំណុំរឿងសេដ្ឋកិច្ចក៏មិនត្រូវបានគេបំភ្លេចចោលដែរ ព្រោះថា បារំាងគឺជាប្រទេសដៃគូពាណិជ្ជកម្មទីមួយរបស់ព្រះរាជាណាចក្រម៉ារ៉ុក។ បច្ចុប្បន្ននេះ មានវត្តមានរោងចក្រ សហគ្រាសបារំាងចំនួន ៧៥០ នៅក្នុងប្រទេសម៉ារ៉ុកដែលបានផ្តល់ការងារជូនប្រជាជនម៉ារ៉ុកចំនួន ជិត ១០០ ០០០នាក់។ មានរដ្ឋមន្រ្តីជាច្រើនរូប ព្រមទំាងប្រធានរោងចក្រ សហគ្រាសប្រមាណជា ៦០នាក់នឹងអមដំណើរទៅជាមួយលោក François Hollande។ តែបើតាមមើលទៅ ប្រហែលជានឹងគ្មានការប្រកាសចេញនូវកិច្ចសន្យាពាណិជ្ជកម្មណាមួយទេ៕ដោយ គួច គន្ធារ៉ា (RFI)