សុគន្ធ ​និសា ​សម្តែង​ចរឹក​ប្រុស និ​ង​តួ​ខ្មោច​

នាង/សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៨ សីហា ២០១៤) ៖ ថ្មី​ៗនេះ ​តារាចម្រៀង មនោសញ្ចេតនា របស់ផលិតកម្ម ថោន កញ្ញា សុគន្ធ និសា​ ត្រូវ​គេ​បង្ហើប​ប្រាប់ថា កំពុង​សម្ងំ​ ថតកម្រង​បទ​ចម្រៀង​ថ្មី​ ដែល​មាន​លក្ខណៈ​ជា​ខ្សែ​រឿងកុន​ដែរ ព្រោះ​​គ្រប់​ឈុត​តាំងពី​ដើម​ដល់​ចុង មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជា​ភាពយន្ត ដោយ កញ្ញា ​សម្ដែង​​ជា​តួអង្គ​ខ្មោច និង​ជា​នារី​ក្រ​ម៉ិច​ក្រ​ម៉ើម​ចរឹក​ប្រុស ដែល​នាង​មិន​ធ្លាប់​សម្តែង​ពី​មុនមក​ទាល់តែសោះ​។

ផ្តល់​បទ​សម្ភាសន៍តាម​ទូរស័ព្ទ លោក​ មាស សុខរន្តរៈ អ្នក​ចាប់​ការ​ទូទៅ​នៅ​ផលិត​កម្ម ថោន ​លើកឡើងថា សាច់​រឿង​នៃ​ចម្រៀង​នេះ នៅ​មិនទាន់​​អាចបញ្ជាក់​ថា ខ្សែ​រឿង​នោះ មាន​ចំណង​ជើងយ៉ាងម៉េច​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា នៅក្នុង​រឿង​នេះ មាន​បទ​ចម្រៀង​ចំនួន​១០​បទ ​ដោយ​បទ​នីមួយៗ មាន​ភាព​កំប្លុកកំប្លែង និង​មាន​លក្ខណៈ​កំសត់​មនោសញ្ចេតនា តាមរ​បត់​នៃ​ខ្សែ​រឿង​។

លោក​ មាស សុខរន្តរៈ បន្តថា នៅក្នុង​ខ្សែ​រឿងនេះ សុគន្ធ និសា ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​តួអង្គ​កូនស្រី​អ្នកមាន​នៅ​ស្រុកស្រែ មាន​ច​រឹក​ក្រ​ម៉ិច​ក្រ​ម៉ើម តែ​ជា​នារី​ច​រឹក​ប្រុស​ ដែលនេះ​ជា​លើក​ទី​១​ហើយ ដែល​នាង​បាន​សម្ដែង​ជា​តួអង្គ​បែបនេះ ខណៈ​ដែល​កន្លង​មក​នា​ង​ធ្លាប់​សម្ដែង​ជា​អង្គ​តួ​ក្រ​ម៉ិច​ក្រ​ម៉ើម​ខ្លះៗ​ដែរ ប៉ុន្តែ​មិន​មាន​លក្ខណៈ​ជា​ខ្សែ​រឿង ដែល​មាន​ឈុត​ឆាក​លំបាកៗ​បែប​នេះនោះទេ។​

លោក​ មាស សុខរន្តរៈ បាន​បញ្ជាក់ថា ចម្រៀង​ខ្សែ​រឿងនេះ ចាប់​ផ្តើម​ថតពី​ដើម ខែសីហា នៅ​តំបន់​ឆ្ងាយ​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ហើយ​ខ្សែ​រឿង​ប្រភេទ​បទ​ចម្រៀង​នេះ នឹង​ចេញ​លក់​នៅ​អំឡុង​បុណ្យ​ភ្ជុំ​បិណ្យខាង​មុខនេះ​ ដោយ​មាន​ការ​រំពឹងថា ពិតជា​មាន​ការចាប់អារម្មណ៍​ខ្ពស់ ​ព្រោះសូម្បី​តែ​ការ​ស្លៀកពាក់ កាយវិការ និង​ស្ទីល​របស់​តួអង្គ ក៏​មាន​ភាព​កំប្លែង​គួរឲ្យ​ចង់​ទស្សនា​ផងដែរ៕

រូបពី Facebook
រូបពី Facebook

z2z6

Related Articles

Back to top button
Close
Close