កូរ៉េខាងជើង គម្រាមបាញ់គ្រាប់ នុយក្លេអ៊ែរ ទៅលើសេតវិមាន លោក អូបាម៉ា
សារព័ត៌មាន Cambodia News/
សេអ៊ូល (២៩ កក្កដា ២០១៤) ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន អន្តរជាតិរបស់បារាំង ពីទីក្រុងសេអ៊ូល បានចេញផ្សាយ នៅថ្ងៃ អង្គារ ទី២៩ ខែកក្កដា នេះថា មន្ត្រីជាន់ខ្ពស់ នៃយោធាកូរ៉េខាងជើង បានគម្រាមបាញ់ គ្រាប់បែក នុយ ក្លេអ៊ែរទៅសេតវិមាន និងមន្ទីរការពារជាតិប៉ង់តាហ្គោន របស់អាម៉េរិក បន្ទាប់ ពីខ្លួនចោទប្រកាន់ថា ទី ក្រុងវ៉ាស៊ីនតោន កំពុងតែបង្កភាពតានតឹង ផ្នែកយោធានៅតំបន់ ឧបទ្វីប កូរ៉េ ដោយសារការធ្វើសមយុទ្ធ ជាមួយនឹងកូរ៉េខាងត្បូង ។
ការគម្រាមធ្ងន់ធ្ងរ មិនធ្លាប់កើតមាននេះ បានធ្វើឡើង អំឡុងពេលដែលលោក វ៉ាង ព្យុងសូ នាយក នៃ ការិយាល័យនយោបាយជាន់ខ្ពស់ របស់យោធាកូរ៉េខាងជើង ថ្លែងចំពោះមុខយោធា ទាំងឡាយ ដែល បានចូលរួមនៅក្នុងទិវារំឮកខួប នៃថ្ងៃបញ្ចប់សង្គ្រាមកូរ៉េ ឆ្នាំ១៩៥៣ កាលពី ថ្ងៃទី២៧ ខែកក្កដា កន្លង ទៅនេះ នៅរដ្ឋធានីព្យុងយ៉ាង ។ ពិធីនោះ ត្រូវបានចូលរួមដោយសេនាប្រមុខ គីម ចុងអ៊ុន មេដឹកនាំ កំពូលនៃរដ្ឋកុម្មុយនីស្តមួយនេះផងដែរ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានព្រមានម្តងរួចមកហើយ ពីការធ្វើសមយុទ្ធយោធារវាង កូរ៉េខាងត្បូង និង អាម៉េរិក នៅដែនទឹកភាគខាងកើត ហើយថា អំពើរបស់សម្ព័ន្ធមិត្តទាំងពីរនេះ កំពុងតែបំផ្លាញនូវ កិច្ចខិត ខំប្រឹងប្រែងទាំងឡាយ ការបន្ធូរការប្រឈមមុខដាក់គ្នា កន្លងមក ដែលកូរ៉េទាំងពីរបានព្យាយាម កសាង យ៉ាងលំបាក ៕