ខ្មែរ​​សញ្ជាតិ​​វៀត​ណាម​​ទំនង​​ជា​​មាន​​សិទ្ធិ​​ឈរ​​ឈ្មោះ​​ជា​​តំណាង​​រាស្រ្ត​​ខ្មែរ​​បាន​​ដែរ​

ដោយ ឆាយ សុផល
អត្ថបទវិភាគ

ភ្នំ​ពេញ​ (១៧ កក្កដា ២០១៤ ) ៖ ដោយ​ប្រទេស​ប្រកាន់យក​របប​ប្រជាធិបតេយ្យ មិន​រើស​អើង​ពូជសាសន៍ កម្ពុជា​មាន​តំណាង​រាស្រ្ត​​​​​​មួ​យចំនួន​​មាន​សញ្ជាតិ​បរទេស ពិសេសសញ្ជាតិ​អឺរ៉ុប អាម៉េរិក និង​អាស៊ី​ប៉ា​ស៊ីហ្វិក។

ឆាយ សុផល
ឆាយ សុផល

ខ្ញុំ​​គ្រាន់​តែ​លើក​ឧទាហរណ៍ជាក់ស្តែងនៅក្នុង​គណបក្ស​សង្រ្គោះជាតិបកបង្ហាញ ដូចជា៖

–       ​លោក​​ជំទាវ មូរ សុខហួរ បេក្ខជន​ជាប់​ឆ្នោត​តំណាង​​រាស្រ្ត​មណ្ឌល​​ខេត្ត​​បាត់ដំបង​ មាន​​​សញ្ជាតិ​អាម៉េ​រិក

–       ឯក​ឧត្តម កែវ ភារ​ម្យ បេក្ខជន​​ជាប់ឆ្នោត​តំណាង​​រាស្រ្តមណ្ឌល​​ខេត្ត​ក្រចេះ មាន​សញ្ជាតិ​ញីវហ្ស៊ី​លែន

–       ឯកឧត្តម ម៉ែន សុថា​វ​​រិន្ទ្រ បេក្ខជន​ជាប់​ឆ្នោត​តំណាង​​រាស្រ្ត​ខេត្ត​​​​កំពង់ធំ​ មាន​​សញ្ជាតិបារាំង

–       ឯកត្តម ​រៀល ខេមរិន្ទ្រ បេក្ខជន​​ជាប់​​ឆ្នោត​តំណាង​​រាស្រ្ត​​មណ្ឌល​ខេត្ត​ស្វាយ​រៀង​មាន​សញ្ជាតិ​អូស្ត្រាលី

នេះនៅមិន​ទាន់គិតពីលោក​ប្រធានបក្ស ឯកឧត្តម សម រង្ស៊ី និង​លោក​ជំទាវ​ជា​ភរិយា​មាន​សញ្ជាតិ​​បារាំង និង​​ឯកឧត្តម​តំណាង​រាស្រ្ត សុន ឆៃ មានសញ្ចាតិ​អូស្ត្រាលី​ផង ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​ទំនង​ជា​​មិនមាន​ការ​ថ្នាំង​ថ្នាក់ចិត្ត​​ពី​ការមាន​ សញ្ជាតិពីរ​​របស់​ពួកគេ​​ដែរ។

កន្លងមក នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិទី១ សមាជិកសភា​គណបក្សប្រជាជន និង​​គណបក្ស​​ហ៊្វុន​ស៊ីន​ប៉ិច ព្រម​ទាំង​​គណ​បក្ស​​​ឯទៀតៗ​​​​ក៏មាន​តំណាង​រាស្រ្ត​​របស់​ខ្លួន​​មាន​​ សញ្ជាតិ​ពីរ​ដែរ ពិសេស​សញ្ជាតិ​បារាំងនិង​អា​ម៉េរិក។ សម្តេច​​ក្រុម​ព្រះ​ នរោត្តម រណឬទ្ធិ ​ព្រះប្រធាន​គណបក្ស​​ហ៊្វុន​ស៊ីន​ប៉ិចនិបក្ស​បន្តបន្ទាប់ទៀត ​មាន​សញ្ជាតិ​បារាំង និង​​អតីតនាយករដ្ឋមន្រ្តី អ៊ឹង​ ហួត មាន​​សញ្ជាតិ អូស្រ្តាលី ​ដែរ។
អ្នក​នយោបាយ​ទាំង​នោះ​មិន​បាន​លាក់លៀម​ពី​អត្តសញ្ញាណសញ្ជាតិ​របស់​ខ្លួនឡើយ ព្រោះ​ពួកគេ​​គិត​ថា ការ​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ​មានលក្ខណៈសេរី និងមិន​​ប្រកាន់​ជាតិសាសន៍​ឡើយ។

សំណួរ​សួរ​ថា ​បើ​ថ្ងៃ​ក្រោយ មាន​ខ្មែរ​ដែល​មាន​សញ្ជាតិវៀតណាម ថៃ ចិន និង​សញ្ជាតិ​ផ្សេងៗ​នៅក្នុង​ពិភពលោក តើ​ពួកគេ​អាច​​ឈរ​ឈ្មោះ​​ជា​តំណាង​​រាស្រ្ត​ខ្មែរ​ដែរ​ឬក៏អត់? ប្រសិន​បើមិន​បាន តើមាន​​មូលហេតុអ្វី ហើយ​មាន​ភាព​ខុសគ្នា​យ៉ាង​ណា​ពី​អ្នក​ដែល​មាន​សញ្ជាតិអាម៉េរិក អឺរ៉ុប និង​ប្រទេស​ផ្សេងទៀត? តើ​រដ្ឋធម្មនុញ្ញ​មាន​បាន​ចែង​ពី​ភាព​​ខុសគ្នានៃ​សញ្ជាតិនេះ​ដែរ​ឬទេ?
ប្រសិន​បើ រដ្ឋធម្មនុញ្ញមិន​​មាន​​ចែង​ពី​ភាព​ខុសគ្នា​ពីចំណុច​​នេះ​ទេ ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ចាតិ​វៀត​ណាម និង​ថៃ​ក៏​អាច​ចូលរួម​​ជា​សមាជិកគណបក្ស​នយោបាយខ្មែរ និង​​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ដែរ៕

Related Articles

Back to top button
Close
Close