ដំណើរទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌កម្ពុជា-វៀតណាម

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៥ តុលា ២០១៩) ៖ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះបានដឹកនាំប្រតិភូអ្នកសារព័ត៌មានជាយុវជន និងមន្រ្តីព័ត៌មាននៃព្រះរាជា​ណាចក្រកម្ពុជាជិត៣០​រូបមកពីអង្គភាពផ្សេងៗគ្នាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចចូលរួមក្នុង “ពិធីផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌សម្រាប់អ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិត” ដែលមានប្រតិភូផ្នែកសារព័ត៌មានចំនួន​២៧រូប និងយុវជន និស្សិតប្រមាណ៦២រូបផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងនៅខេត្ត តៃនិញ និងទីក្រុង ហូជីមិញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ វិច្ឆិកា។

ឯកឧត្តម ឆាយ សុផល បានមានប្រសាសន៍ថា គោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យវប្បធម៌ សិល្បៈ អប់រំ ព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ដែលជាប្រយោជន៍ក្នុងនាមប្រទេសជិតខាង ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។

ឯកឧត្តម បន្តថា ជាការពិត កម្ពុជា និងវៀតណាមមានវប្បធម៌ដោយឡែកៗ និងពិសេសរៀងៗខ្លួន ដូច្នេះការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនេះពិតជាធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ ពិសេសយុវជនកាន់តែយល់គ្នា និងរស់នៅភូមិផងរបងជាមួយគ្នាប្រកបដោយសុខដមរមនា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការអញ្ជើញមពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយ:ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ដោយសហការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមរយ:ក្រសួងព័ត៌មាន៕ ដោយ ៖ ហេង នាង​

Related Articles

Back to top button
Close
Close