អគ្គិភ័យឆេះអូប័រ និងទូកទេសចរណ៍ ៣គ្រឿង របស់ឧកញ៉ា គិត ម៉េង
សារព័ត៌មាន Cambodia News/
ព្រះសីហនុ (៣០ មិថុនា ២០១៤) ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែមិថុនា អូរបរល្បឿនម៉ាស៊ីនបីខ្នាតធំ និងទូកភ្ញៀវទេសចរណ៍ កំសាន្តតម្លៃរាប់ម៉ឺនដុល្លារ របស់ឧកញ៉ា គិត ម៉េង និងរបស់ជនបរទេស ត្រូវបានភ្លើងឆាបឆេះសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង អស់ចំនួន ៣គ្រឿង នៅលើផ្ទៃសមុទ្រ ក្នុងផែអន្តរជាតិ (ផែចាស់) ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា អូប័រ និងទូកទេសចរណ៍ទាំងនោះ ជាកម្មសិទ្ឋ របស់លោកឧកញ៉ា គិត ម៉េង ទុកសម្រាប់ជួលឲ្យភ្ញៀវទេសរណ៍ធ្វើដំណើរទៅកំសាន្តនៅកោះរ៉ុង។ ប្រភពបានបន្តថា អូរបរល្បឿនម៉ាស៊ីនខ្នាតធំចំនួន ២គ្រឿងនិងទូកភ្ញៀវទេសចរណ៍ មួយគ្រឿងទៀត ដែលចតនៅផែក្បែរនោះ ក៏ត្រូវភ្លើងឆាបឆេះតគ្នាអស់ដែរ។
ជុំវិញអគ្គិភ័យឆាបឆេះនេះគេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលមកពីអ្វីពិតប្រាកដនៅឡើយទេ ហើយក៏មិនទាន់ដឹងថាមានការខូចខាតអស់ប៉ុណ្ណាដែរ? បើតាមការប៉ាន់ស្មានអាចមានរហូតដល់រាប់ម៉ឺនដុល្លារអាមេរិក៕