មេទ័ពថៃ ជួបពិភាក្សា ជាមួយ ឯកអគ្គរាជទូតកម្ពុជា ស្តីពីរឿង ពលករខ្មែរ
សារព័ត៌មាន Cambodia News/
បាងកក (២៤ មិថុនា ២០១៤) ៖ អគ្គមេបញ្ជាការទ័ពថៃ លោក ថាណាសក្តិ ជួបពិភាក្សាជាមួយ ឯកអគ្គរាជទូតកម្ពុជា ប្រចាំក្រុងបាងកក ស្តីពីរឿង ពលករកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាពលករខុសច្បាប់។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ឯក ថាណាសក្តិ បដិមាប្រាកន អគ្គមេបញ្ជាការកងទ័ពថៃ និង ជាអនុប្រធាន គណៈរក្សាសន្តិសុខជាតិ បានធ្វើការស្វាមគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុង បាងកក នៅទីបញ្ជាការដ្ឋានកងទ័ពថៃ ដើម្បីចូលណែនាំខ្លួន ក្នុងឱកាសលោកស្រី ទើបបានទទួល តំណែងថ្មី។
លោកស្រី អ៊ាត សោភា បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ថៃ មានភាពល្អប្រសើរ រួមទាំង ការបង្កើនការយោគយល់គ្នា និង កិច្ចសហប្រតិបត្តិការ ផ្នែកពលករ ដោយភាគីថៃនឹងមើលថែទាំពលករកម្ពុជា ដែលមកធ្វើការក្នុងប្រទេសថៃ យ៉ាងយកចិត្តទុកដាក់ ត្រឹមត្រូវ តាមផ្លូច្បាប់ តាមគោលការសិទ្ធិមនុស្ស។
លើសពីនេះភាគីកម្ពុជា-ថៃ សហការគ្នាដើម្បីកំណែទម្រង់ប្រព័ន្ធ និង លក្ខខណ្ឌ ផ្សេងៗ ឲ្យមាន លក្ខណៈងាយស្រួល និង កាន់តែមានប្រសិទ្ធភាព សម្រាប់ពលករកម្ពុជា ចូលបម្រើការក្នុងប្រទេស ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ សមាហរណកម្មអាស៊ាន ឆ្នាំ ២០១៥ យ៉ាងមុខនេះ៕