គីម ជុងអ៊ុនត្រូវបានតែងតាំងជាសេនាប្រមុខ បន្ទាប់ពីដកតំណែងមេទ័ពកំពូល
នៅព្រឹកថ្ងៃពុធ ម៉ោងប្រមាណ ១១ និង១៥នាទី (ម៉ោងនៅកូរ៉េខាងជើង) បណ្តាញផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង (KCNA) បានប្រកាសថា នៅម៉ោង ១២ថ្ងៃត្រង់ នឹងមានសេចក្តីជូនដំណឹងពិសេស។
កន្លងមក នៅកូរ៉េខាងជើង “សេចក្តីជូនដំណឹងពិសេស” ដែលត្រូវប្រកាសឲ្យដឹងជាមុនតាមប្រព័ន្ធផ្សព្វផ្សាយបែបនេះ គេធ្លាប់តែឃើញមាន សម្រាប់ព័ត៌មានសំខាន់ៗបំផុតប៉ុណ្ណោះ ដូចជា សេចក្តីជូនដំណឹង ស្តីពីមរណភាពរបស់លោកគីម អ៊ីលស៊ុង និងរបស់លោកគីម ជុងអ៊ីល។ ហេតុដូច្នេះហើយបានជាគេនាំគ្នាទន្ទឹងរង់ចាំមើលថា តើសេចក្តីជូនដំណឹងពិសេសនៅថ្ងៃពុធនេះ គឺជាអ្វី? ដោយសារតែមានការដោះដូរតំណែងមេទ័ពកំពូលៗប៉ុន្មានថ្ងៃមុននេះ ធ្វើឲ្យអ្នកខ្លះរហូតចោទជាសំណួរថា តើលោកគីម ជុងអ៊ុន កំពុងនៅកាន់អំណាចដដែលឬយ៉ាងណា? ឬក៏នឹងមានរដ្ឋប្រហារយោធាណាមួយកើតឡើង? តើលោកគីម ជុងអ៊ុន នៅមានជីវិតនៅឡើយឬក៏យ៉ាងណា?
នៅទីបំផុត សេចក្តីជូនដំណឹងពិសេសនេះ គឺប្រកាសពីការតែងតាំងលោកគីម ជុងអ៊ុន ជាសេនាប្រមុខ។ សេនាប្រមុខ គឺជាឋានន្តរសក្តិកម្រិតខ្ពស់បំផុត នៅក្នុងជួរកងទ័ពកូរ៉េខាងជើង ក៏ប៉ុន្តែ វាមិនមែនជារឿងចម្លែកទេ ដែលលោកគីម ជុងអ៊ុន ជាអគ្គមគ្គុទេសក៍កូរ៉េខាងជើងទទួលងារជាសេនាប្រមុខ។ កន្លងមក ងារជាសេនាប្រមុខនេះ ក៏ធ្លាប់ត្រូវបានផ្តល់ផងដែរ ដល់លោកគីម អ៊ីលស៊ុង និងលោកគីម ជុងអ៊ីល ដែលជាជីតា និងឪពុករបស់លោកគីម ជុងអ៊ុន។
នៅមុនពេលត្រូវបានដំឡើងឋានន្តរសក្តិជាសេនាប្រមុខ លោកគីម ជុងអ៊ុន បានគ្រប់គ្រងតំណែងកំពូលៗរួចជាស្រេចទៅហើយ ទាំងនៅក្នុងជួរបក្ស (អគ្គលេខាធិការគណបក្សពលករកូរ៉េខាងជើង) និងក្នុងជួរកងទ័ព (ប្រធានគណៈកម្មការការពារជាតិ និងជាអគ្គបញ្ជាការកងទ័ពជាតិ)។
ក៏ប៉ុន្តែ ការដំឡើងងារជាសេនាប្រមុខ ក្រោយពីបានដកតំណែងមេទ័ពដ៏មានឥទ្ធិពលនោះ គឺជានិមិត្តរូបមួយ បញ្ជាក់ថា លោកគីម ជុងអ៊ុន កំពុងតែពង្រឹងអំណាចទ័ពពេញដៃ ហើយកំពុងតែរុះរើមន្រ្តីទ័ព ដើម្បីដកមន្រ្តីចាស់ៗ ដាក់មន្រ្តីថ្មី ដែលជាមនុស្សជំនិត ងាយស្រួលគ្រប់គ្រង។ គួរបញ្ជាក់ថា កន្លងមក អ្នកសង្កេតការណ៍ជាទូទៅចេះតែនាំគ្នាចោទជាសំណួរថា តើលោកគីម ជុងអ៊ុន ដែលជាមេដឹកនាំក្មេងខ្ចី ខ្វះបទពិសោធន៍ ពិតជាអាចក្តោបក្តាប់អំណាចបានពេញលេញ ឬមួយក៏គ្រាន់តែជាមេដឹកនាំមានតែឈ្មោះ ហើយអំណាចពិតប្រាកដស្ថិតក្នុងដៃមេទ័ពចំណាស់ៗ ពីជំនាន់លោកគីម ជុងអ៊ីល ជាឪពុក?
ងារជាសេនាប្រមុខ បូកជាមួយនឹងតំណែងដែលមានស្រាប់ លោកគីម ជុងអ៊ុន កំពុងតែកាន់កាប់គ្រប់មុខតំណែង និងងារ ដែលជីតា និងឪពុករបស់លោកធ្លាប់កាន់កាប់ ធ្វើឲ្យគាត់កាន់តែទទួលបាននូវធម្មានុរូបភាព ជាអ្នកស្នងត្រកូលគីម ក្នុងឋានៈជាអគ្គមគ្គុទេសក៍របស់កូរ៉េខាងជើង។ ក៏ប៉ុន្តែ មានសំណួរថ្មីមួយចោទឡើងថា តើលោកគីម ជុងអ៊ុន នឹងប្រើប្រាស់អំណាចនេះ ដើម្បីគ្រាន់តែចង់បន្តអនុវត្តនយោបាយរបស់ជីតា និងឪពុកគាត់បន្តទៀត ឬក៏គាត់នឹងយកអំណាចនេះ ដើម្បីជំរុញការធ្វើកំណែទម្រង់ផ្លាស់ប្តូរនយោបាយ ពីការផ្តោតអាទិភាពទៅលើវិស័យកងទ័ព មកគិតគូរដល់កំណែទម្រង់សេដ្ឋកិច្ច និងសុខមាលភាពរបស់ប្រជាជន ដែលកំពុងរងគ្រោះអត់ឃ្លាន? (ដោយ សេងឌីណា RFI)