បក្សប្រឆាំង ទាមទារលក្ខខណ្ឌ អាទិភាព ៣ចំណុច
សារព័ត៌មាន Cambodia News /
ភ្នំពេញ (១៧ មិថុនា ២០១៤) ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្រោយត្រឡប់ពីប្រទេសញូវហ្សេឡែន នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានប្រកាស ទាមទារលក្ខខណ្ឌអាទិភាពចំនួន ៣ចំណុច ដើម្បីចូលរួមប្រជុំសភា។

ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក កឹម សុខា បានថ្លែងថា «មុននឹងចូលប្រជុំសភា គណបក្សសង្គ្រោះជាតិត្រូវការបីចំណុចជាអាទិភាព៖ ទី១. កែទម្រង់ស្ថាប័នបោះឆ្នោតចាប់ ផ្ដើមចេញពី គ.ជ.ប ទី២. កែទម្រង់រដ្ឋសភាឲ្យមានតុល្យភាព ទី៣. ទាមទារឲ្យបើកទូលាយនូវប្រព័ន្ធផ្សព្វផ្សាយ»។
លោកបានបន្តថា បើនៅតែយកសំឡេង ៥០ បូក១ ស្ថាប័នមួយនេះ នៅ តែស្ថិតនៅក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជាដដែល ហើយការបោះឆ្នោតនៅតែអត់ប្រយោជន៍ នឹងនៅ តែមានជម្លោះគ្នាដដែល។
ទោះបីជាការកំណត់សំឡេងជ្រើសសមាសភាព គ.ជ.ប. រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅខ្វែងគ្នាយ៉ាងណាក្តី តែលោក កឹម សុខា មានជំនឿថា នឹងស្វែងរកចំណុចណាមួយ ដែលអាចយោគយល់គ្នាបាន ដើម្បីបញ្ចប់ការខ្វែងគំនិត៕