ពលករខ្មែរ ៣៨នាក់ ត្រូវបានប៉ូលិសថៃចាប់ខ្លួន
សារព័ត៌មាន Cambodia News/
ថៃ (១៦ មិថុនា ២០១៤) ៖ ពលករខ្មែរចំនួន៣៨នាក់ ត្រូវបានមន្ត្រីប៉ូលីសថៃចាប់ខ្លួន កាលពីល្ងាចថ្ងៃអាទិត្យ ស្ថានីយ រថភ្លើងHua Hin ក្នុងខេត្តPrachuap Khiri Khan ខណៈដែលពួកគេកំពុងឈររង់ចាំជិះរថភ្លើង ដើម្បីភៀសខ្លួនចេញពីប្រទេសថៃ។
ក្រុមមន្ត្រីអាជ្ញាធរប្រចាំការនៅទីនោះ បានឃាត់ខ្លួនពួកគេនិងបានឆែកឆេរកឯកសារ ដែលបញ្ជាក់ថាជាពលករស្របច្បាប់ ដោយសារតែកម្មកទាំងនោះ មិនមានឯកសារស្របច្បាប់ ទើបប៉ូលីសថៃចាប់ខ្លួនពួកគេតែម្ដង។
ចាប់តាំងពីក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាបធ្នាប់ថៃ បានប្រកាសថាបោសសម្អាត និងចាប់ខ្លួនក្រុមកម្មករចំណាក់ស្រុកខុសច្បាប់ ពលករខ្មែរជាច្រើនដែលបានចំណាក់ស្រុកទៅធ្វើការនៅទីនោះ បាននាំគ្នាត្រឡប់មកមាតុប្រទេសវិញ ដោយសារតែពួកគេមានការភ័យខ្លាច។
គួរបញ្ជាក់ថា ពលករខ្មែរត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមក ប្រទេសកម្ពុជានេះ គឺមានសភាពគំហុកខ្លាំង ព្រោះត្រូវបានអាជ្ញាធរថៃចាប់ញាត់ដឹកតាមរថយន្តទ្រុង សំណាញ់ និងរថយន្តដឹកទំនិញ មកទម្លាក់នៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ទាំងយប់ទាំងថ្ងៃ។ បើគិតរហូតមកដល់ថ្ងៃទី១៦មិថុនានេះ ពលករខ្មែរជាង១៣ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ៕