រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រតិកម្មចំពោះបក្សប្រឆាំងថា ការមិនធ្វើបុណ្យអុំទូក ដោយសារធ្វើតាមបញ្ជាយួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានហៅការរិះគន់ របស់មេដឹកនាំបក្សប្រឆាំង ពាក់ព័ន្ធនឹងការធ្វើពិធីបុណ្យអុំទូកតាមបញ្ជាយួននោះថា ជាការជាន់ឈ្លី និងមើលងាយ ជនជាតិខ្មែរ។
លើទំព័របណ្តាញសង្គមរបស់លោក លោក ខៀវ កាញារីទ្ធ បានថ្លែងថា លោកនិយាយមិនចេញទេ ពេលឃើញមេ ដឹកនាំបក្សនយោបាយមួយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា ការមិនប្រារព្ធព្រះរាជធិពីបុណ្យអុំទូក ព្រោះធ្វើតាម បញ្ជាយួន។
លោក ខៀវ កាញារីទ្ធ បានថ្លែងបន្តថា ការថ្លែងនេះ បើសិនជាមេដឹកនាំរូបនោះ មិនបានដឹងពីបញ្ហាទឹកជំនន់នោះវា មិនជាបញ្ហាទេ ព្រោះជាប់រវល់នៅក្រៅប្រទេស តែបើសិនជាមិនបានដឹងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកគ្រា ពលរដ្ឋខ្មែរ កំពុងកាន់ព្រះរាជមរណទុក្ខរបស់អតីតព្រះមហាក្សត្រ ជាការធ្វើតាមបញ្ជាយួន គឺជាការប្រមាថ និង មើលងាយពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ។
ទោះបីជាប្រសាសន៍របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន មិនបានបញ្ចេញចំពោះថា ជាបុគ្គលណា ឬមេបក្សប្រឆាំង រូបណាក្តី តែត្រូវបានគេដឹងយ៉ាងច្បាស់ថា សារនេះ គឺជាការឆ្លើយតបទៅលោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីជាតិខ្មែរដ៏យូរលង់ តែងតែប្រារព្ធឡើងនៅអំឡុងខែតុលា ឬ វិច្ឆិកានោះ ត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាករយៈពេល ២ឆ្នាំមកហើយ គឺនៅឆ្នាំ២០១២ និងឆ្នាំ២០១៣។
ដោយការផ្អាកព្រះ រាជពិធីដោយសារតែនៅឆ្នាំ២០១២ មានគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរបំផ្លាញកសិផលរបស់ប្រជាកសិករ និងធ្វើឲ្យ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនគ្រួសារទទួលរងគ្រោះ។ សម្រាប់ការផ្អាកបុណ្យអុំទូក ជាលើកទី២ នៅឆ្នាំ២០១៣ ដោយសារឆ្នាំ២០១៣ ជាឆ្នាំប្រជាពលរដ្ឋខ្មែរ ជួបនូវទុក្ខដ៏មហាក្រៀមក្រំបាត់បង់ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ៕