ឆៃលី ដាឡែន លាក់បាំងដំណឹងភ្ជាប់ពាក្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៥ មិថុនា ២០១៤) ៖ តារាចម្រៀង ដែលនិយមតែងខ្លួនឆើតឆាយ បែបសិចស៊ី ឆៃលី ដាឡែន ត្រូវបានប្រភពពីអ្នកសិល្បៈបង្ហើបថា នាងបានភ្ជាប់ពាក្យយ៉ាងស្ងាត់ ជាមួយតារា សម្តែងជើងថ្មី ទើបតែលេចមុខក្នុងសិល្បៈថ្មីៗនេះ បុរសនោះត្រូវបានគេស្គាល់ឈ្មោះថា ប៊ី ដោយពិធីភ្ជាប់ពាក្យនោះធ្វើឡើងតាំងពីខែឧសភា កន្លងទៅម៉្លេះ ។
ទោះ យ៉ាងណាគេមិនដឹងថា ដាឡែនបិទបាំងរឿងភ្ជាប់ពាក្យ ព្រោះតែមូលហេតុអ្វីនោះទេ ឬមួយនាងមិនចង់ឱ្យភ្ញាក់ផ្អើលដល់សារព័ត៌មាន និងរង់ចាំដល់ពេលរៀបការ ទើបប្រាប់បង្ហាញជាទូទៅវិញ ។
បើ ទោះជានាងបិទបាំងរឿងល្អនេះមែន រហូតគេមិនដឹង តែទោះជាយ៉ាងណាដាឡែន និងគូដណ្តឹងបានឆ្លងកាត់ការគោរពប្រពៃណីខ្មែរបាត់ទៅហើយ ដោយពួកគេមានការដឹងឮពីចាស់ទុំទាំងសងខាង និងមិត្តភក្តិជិតដិតមួយចំនួនក្នុងនាមជានារីមានគូគាប់ភ្ជាប់ទុក ហើយក៏គ្មានបុរសណាហ៊ានតាមចែចង់ទៀតដែរ។
អ្វីដែលសំខាន់នោះ គេមិនដឹងថា កំលោះសង្ហារដែលមានឈ្មោះប៊ី នោះគេមានមន្តស្នេហ៍បែបណាទេ បានជាធ្វើឱ្យឆៃលី ដាឡែន ហ៊ានឱ្យមានភាពចូលស្តីដណ្តឹង និងត្រៀមក្លាយជាភរិយានាពេលអនាគតនោះ៕