ហេង ស្រីខួច បានត្រឹមតែជាតួស្រីស្នេហ៍គេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មិថុនា ២០១៤) ៖ កាលពីពេលថ្មីៗនេះ តារាស្រីវ័យក្មេងរូបស្រស់សម្បុរស្រអែម កញ្ញា ហេង ស្រីខួច បានប្រាប់ឲ្យដឹងថា ចាប់តាំងពីនាងបានប្រឡូក ក្នុងវិថីសិល្បៈ រហូតដល់ ពេលនេះនាងមានឱកាសបានថតរឿង៣ ដោយរឿងទី១ គឺរឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” រឿងទី២ “គំនុំស្នេហ៍អតីតជាតិ” និងរឿងទី៣គឺជារឿងថ្មី “ទឹកចិត្តប្រពន្ធ” ទើបតែក្រុងពាលី ត្រៀមថត ក្នុងពេលឆាប់ៗនេះ។
តារាសម្តែងពន្លកថ្មី ដែលធ្លាប់មានឱកាស បានសម្តែងរឿងជាបន្តបន្ទាប់ កញ្ញា ហេង ស្រីខួច បានបង្ហើបឲ្យដឹងថា រឿងទាំងបីនេះ គឺនាងមិនទាន់មានឱកាស បានសម្តែង ជាតួឯកនៅឡើយទេ ពោលការសម្តែងគឺត្រូវបានអ្នកដឹកនាំរឿងតម្រូវ ឲ្យនាងសម្តែងតែតួស្រី ស្នេហ៍គេតែប៉ុណ្ណោះ ។
បើទោះជាពេលនេះ តារាស្រីពន្លកថ្មីរូបនេះ មិនទាន់មានឱកាសបានគ្រងតំណែង លេចធ្លោ ក្នុងការសម្តែងក៏ដោយក៏ នាង បានឲ្យដឹងថា “នាងទើបតែមានវ័យ២០ឆ្នាំ ដូច្នេះឱកាស គឺនៅសល់ច្រើន ហើយក៏មិនខ្វល់ ព្រោះថ្ងៃណាមួយឱកាស នឹងមាន តែទោះជាការសម្តែង មិនទាន់មានភាពលេចធ្លោក៏ដោយ ប៉ុន្តែសន្ទុះសព្វថ្ងៃការងារមាន ភាពរីកចម្រើន មិនអន់ទេ ” ។
កញ្ញា ស្រីខួច បានប្រាប់ឲ្យដឹងទៀតថា សម្រាប់នាងពេលនេះ មិនទាន់ចង់គិតពី រឿងអ្វីផ្សេងទេ គឺនាងទៅផ្តោតលើការងារសិល្បៈ ឲ្យបានកាន់តែច្រើន ព្រោះពេលនេះនាង កំពុងត្រេកត្រអាលការងារសិល្បៈ ព្រោះក្រៅពីការសម្តែងរឿងនាង ក៏មាន ទទួលថតឈុតខារ៉ាអូខេ ថតស្ពតផងដែរ ៕