យាយខ្លីទទួលមរណភាពហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ ឧសភា ២០១៤) ៖ កាលពីវេលាម៉ោង ១២យប់ថ្ងៃទី១ ឈានចូលទី២ ខែឧសភា ឆ្នាំ ២០១៤ តារាកំប្លែង ស្ថិតក្នុងក្រុមកំប្លែង របស់នាយកុយ អុ្នកស្រី នេត្រ ផល្លី ហៅយាយខ្លី បានទទួលមរណភាពហើយ នៅក្នុងមន្ទីរពេទ្យកាលម៉ែត្រ ក្នុងវ័យ៦៣ឆ្នាំ បន្ទាប់ពីការសង្គ្រោះបន្ទាន់ ឈានដល់ដំណាក់កាលចុងក្រោយ។
អ្នកស្រីសារ៉ុម កូនទី៤ របស់លោកយាយខ្លី បានឲ្យដឹងថា សពម្តាយរបស់អ្នកស្រី បានដឹកមកកាន់វត្តញៀនរង្សីកាលពីវេលាយប់មិញ ហើយកំពុងរៀបចំធ្វើបុណ្យនៅបរិវេណវត្តនេះ ដោយរង់ចាំរហូតដល់ព្រឹកថ្ងៃអាទិត្យវេលាម៉ោង៨ព្រឹក ទើបធ្វើពិធីបូជានៅក្នុងបរិវេណវត្តដដែល។
សម្រាប់ ពិធីបុណ្យ៧ថ្ងៃរបស់អ្នកស្រីវិញ ត្រូវបានកូនៗប្រាប់ថា គឺនឹងធ្វើនៅខេត្តព្រៃវែងដែលជាស្រុកកំណើតវិញទេ ដើម្បីឲ្យបងប្អូនសាច់ញាតិនៅទីនោះបានចូលរួម និងដើម្បីឲ្យព្រលឹងរបស់អ្នកស្រីខ្លីបានស្ងប់ផង។
សូមជម្រាបថា យាយខ្លី បានចូលសម្រាកមន្ទីរពេទ្យកាល់ម៉ែត្រកាលពីដើមខែមេសា និងដឹកចូលសង្គ្រោះបន្ទាន់ កាលពីល្ងាចថ្ងៃទី២៥ មេសា។ គ្រូពេទ្យនិយាយថា យាយខ្លីមានជំងឺច្រើនមុខ ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺថ្លើម, ពុកឆ្អឹង និងរបេងឆ្អឹង លើសឈាម ផងដែរ ដូច្នេះវាមានសភាពធ្ងន់ធ្ងរខ្លាំងណាស់៕