ការដំឡើងថ្លៃរថយន្តឈ្នួលនៅតែមិនមានវិធានការទប់ស្កាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មេសា ២០១៤) ៖ ពេលនេះ ជារដូវកាលកម្មករ និយោជិត និងជនចំណាកស្រុក មកភ្នំពេញ ទៅលេងផ្ទះសម្បែង ជួបជុំគ្រួសារ សាច់ញាតិ សម្រាប់អបអរ ទេវតាឆ្នាំថ្មី ប្រពៃណីខ្មែរ ប៉ុន្តែក៏ដល់ពេលសម្រាប់ក្រុមហ៊ុន អ្នករត់រថយន្តឈ្នួល ដឹកអ្នកដំណើរ ដំឡើងថ្លៃសេវាកម្ម របស់ខ្លួនវិញម្តង ដើម្បីទាញយកប្រាក់ចំណេញបាន កាន់តែច្រើន។
ក្រុមអ្នកដំណើរមួយចំនួន បានឲ្យដឹងថា មានក្រុមហ៊ុន ដឹកអ្នកដំណើរខ្លះ បានយក ថ្លៃឈ្នួល សម្រាប់មនុស្សម្នាក់ កើនឡើងខ្ពស់ជាង ពាក់កណ្តាលឯណោះ ពោលបើពីមុនគេយក ៣៥០០០រៀល តែដល់ពេល គៀកនឹងបុណ្យចូលឆ្នាំ គេបានដំឡើងថ្លៃ រហូតដល់៥០០០០រៀល ទៅ ៦០០០០រៀល។
និយាយរួម ទាំងម្ចាស់រថយន្តតូច រថយន្តធំ រថយន្តក្រុង សុទ្ធតែចាត់ទុកថា ពេលចូលឆ្នាំថ្មីនេះ គឺជា ពេលដែលខ្លួន អាចទាញយកប្រាក់ចំណេញយ៉ាងច្រើន ពីប្រជាពលរដ្ឋ ដោយមិនខ្វល់ពីសីលធម៌ឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា “យើងអត់មានវិធាន ការទប់ស្កាត់នោះទេ ធ្វើច្រើនដង នៅតែអត់ មានប្រសិទ្ធភាព បើហ៊ានធ្វើខ្លាំងច្បាស់ជា អត់រថយន្ដជិះមិនខាន ”។
លោកបានលើកឡើងថា មូលហេតុដែលពុំមានវិធាន ការអាចទប់ស្កាត់ការ មិនឱ្យដំឡើងថ្លៃ រថយន្ដឈ្នួល នៅពេលបុណ្យទានម្ដងៗ នោះ ដោយសារតែវា ជារឿងរបស់ឯកជន មិនមែនស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋ និងការគ្រប់គ្រង របស់ សាលារាជធានីភ្នំពេញ នោះឡើយ ៕