កុមារនៅខេត្តស្ទឹងត្រែងកើតជំងឺពងបែកមាត់បាទដៃជើងសង្ស័យជាមេរោគEV-71
កាលពីប៉ុន្មាន៣ថ្ងៃកន្លងមកនេះ ប្រជាពលដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែងមានកុមារតូចអាយុក្រោម ៥ឆ្នាំបានកើតជំងឺពងមាត់បាតដៃជើង ដោយគេសង្ស័យថា ជាជំងឺEV-71 ហើយត្រូវបានឪពុកម្តាយ នាំយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឲ្យក្រុមគ្រូពេទ្យជួយព្យាបាល ជាបន្ទាន់ពេលដែលកូនរបស់គាត់ក្តៅខ្លួន ដោយបែកក្នុងមាត់ភ្លាមៗ ធ្វើឲ្យហូបអ្វីមិនកើតហើយក្នុងរយៈពេលតែ១ថ្ងៃ មានរោគសញ្ញាចេញពង លើបាតដៃបាទជើងបន្ថែមទៀត ។
លោកជា វុត្ថា អាយុ៣៥ឆ្នាំនិងប្រពន្ធឈ្មោះវុន ម៉ាចអាយុ២៤ឆ្នាំរស់នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់បានប្រាប់ឲ្យដឹងថាៈ កូនគាត់ឈ្មោះថាច់ សុវិជ្ជា អាយុ៤ឆ្នាំ ក្តៅខ្លួនតែមួយថ្ងៃសោះស្រាប់តែចេញរោគសញ្ញា ចេញពងបែកមាត់និង បាតដៃ ជើង ធ្វើឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗនាំគ្នាព្រួយបារម្ភ មិនដឹងថាមានកើតជំម្ងឺអ្វី ហើយបើតាមការសង្កេត នៅក្នុងមន្ទីពេទ្យបង្អែកមានកុមារប្រមាណជិត១០នាក់ហើយ មកសំរាកនៅមន្ទីរពេទ្យ មកពីភូមិអូរត្រែល និងភូមិកណ្តាលក្នុងស្រុកថាឡាបរិវ៉ាត់។
ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព បានបញ្ចាក់ថា ជំងឺដែលកើតលើកុមារ ពងមាត់និងពងបាតដៃជើង នេះហៅថាពងបែកឬចំហាយក្តៅ ហើយបើតាមព័តិ៍មាន ចេញផ្សាយ កន្លងមកនេះផ្នែកវិទ្យាសាស្ត្រហៅថា EV-71 ហើយចំណែកជំងឺម្យ៉ាងទៀត ចេញរោលក្រហមពេញខ្លួននោះ ហៅថាជំងឺឈី។
លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះករណីជំងឺដែលកើតមានខាងលើនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានឲ្យបានច្បាស់លាស់នៅឡើយទេ រង់ចាំធ្វើការតាមដានតទៅថ្ងៃមុខទៀត។តែទោះជាយ៉ាងណាជំងឺនេះ មានកើតទៅលើកុមារ នៅឯរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត រួចមកហើយ៕