សហជីព៤ ធ្វើកូដកម្មនៅថ្ងៃនេះ ខណៈសហជីពផ្សេងទៀតលើកពេល
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១២ មិនា ២០១៤)៖ នៅថ្ងៃទី១២ ខែមិនានេះ សហជីពចំនួន ៤ ប្រកាន់ជំហរធ្វើកូដកម្ម ខណៈសហជីព ១៤ផ្សេងទៀតប្រកាសលើកពេលទៅថ្ងៃទី១៧ ខែមេសាវិញដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងមនុស្ស២១នាក់ និងដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ។
ក្រុមសហជីពដែលប្រកាន់ជំហរធ្វើ កូដកម្មនោះរួមមាន សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារបស់លោកជា មុនី, សម្ព័ន្ធសហជីពជាតិ, សម្ព័ន្ធសហជីពកម្ពុជា និងប្រធានសហភាពសហជីពកម្ពុជា របស់លោក រ៉ុង ឈុន ជាដើម។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកមិនអាចលើកពេលបន្តទៀតបានទេ ព្រោះអ្នករងគ្រោះនៅក្នុងពន្ធនាគារត្រពាំងផ្លុងត្រូវការអ្នកជួយ ហើយប្រាក់ឈ្នួលកម្មកររោងចក្រកាត់ដែរនៅទាបនៅឡើយ។
លោក ក៏បានអំពាវនាវដល់សមាជិក សមាជិកា និងកម្មករនិយាជិត ទាំងអស់ចូលរួមធ្វើកូដកម្ម ដោយមិនធ្វើការនៅក្នុងរោងចក្រទាំងអស់គ្នាចំនួន ៤ថ្ងៃចាប់ពីថ្ងៃស្អែកនេះតទៅ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល ក៏ដូចជាថៅកែរោងចក្រ។
ក្រុមមេដឹកនាំសហជីព ធ្លាប់ព្រមានថាបើវេទិកានៅថ្ងៃទី៨ខែមិនា នោះនៅតែមិនទាន់មានដំណោះស្រាយ តាមការទាមទារ ប្រាក់ឈ្នួល១៦០ដុល្លារ និងដោះលែងអ្នកជាប់ចោទទាំង ២៣នាក់ទេ កម្មករនៅគ្រប់វិស័យ នឹងធ្វើកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមិនា៕